ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣២០គ្រួសារ ក្នុងស្រុកឯកភ្នំ
May 10, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា សប្បុរសជន បានបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ជនចាស់ជរាឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយកូនច្រើនមានជីវភាពខ្វះខាតមកពីភូមិចំនួន ៣៥ភូមិ នៃឃុំចំនួន៥ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង  សរុបចំនួន ៣២០គ្រួសារ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅសាលាស្រុកឯកភ្នំ។

ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម សុខ លូ នាំយកការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា  ដែលសម្ដេច តែងតែមានការគិតគូរដល់ប្រជាពលរដ្ឋគ្រប់ៗរូប ពិសេសប្រជាពលរដ្ឋងាយរងគ្រោះនានា ពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញើនូវក្តីនឹករលឹកចំពោះ លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋផងដែរ។ 

ឆ្លៀតក្នុងឱកាសនោះដែល ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន  ជាពិសេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។ 

ឯកឧត្តម ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍ និងត្រូវបន្តការអប់រំកូនចៅ បុត្រា បុត្រីរបស់ខ្លួន គេចឱ្យឆ្ងាយអំពីគ្រឿងញៀន ដែលគ្រឿងញៀនជាឈ្លើងនៃសង្គម ព្រោះសង្គមមិនត្រូវការឡើយ ហើយសូមឱ្យប្រជាពលរដ្ឋចូលរួមបន្តអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯង និងអ្នកដទៃ។

ឯកឧត្តម បន្ថែមថា ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរព និងអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យបានម៉ឺងម៉ាត់ ជាមួយនិងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានានិងរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងមូលដ្ឋានរបស់ខ្លួន កុំឱ្យកើតឡើងបាន។ 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញទី៤ សូមនាំគ្នារួសរាន់ចាក់ នៅតាមមណ្ឌលចាក់វ៉ាក់សាំងដែលនៅជិតភូមិ ឃុំ របស់ប្រជាពលរដ្ឋរស់នៅ និងសូមកុំឱ្យមានការភ័យខ្លាចថា វ៉ាក់សាំងបង្កជាហានិភ័យដល់សុខភាព តាមរយៈការញ៉ុះញ៉ុងពីជនអគតិមួយចំនួន ដែលមិនចង់ឱ្យប្រទេសជាតិគេចផុតពីជំងឺកូវីដ-១៩ ព្រោះវ៉ាក់សាំង ជួយដល់ប្រជាពលរដ្ឋដែលមានសុខភាពខ្សោយ និងជួយពង្រឹងអង់ទីករបន្ថែមទៀត ដើម្បីឱ្យមានភាពស៊ាំក្នុងខ្លួនពីជំងឺកូវីដ-១៩។ 

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗ រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងជែល ១ដប ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ