លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោងខ្សែបញ្ជូន និងចែកចាយអគ្គិសនី ក្នុងខេត្តកោះកុង កំពង់ចាម និងក្រចេះ
May 10, 2022 អ្នកទស្សនា :

នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោងខ្សែបញ្ជូន និងចែកចាយអគ្គិសនី ក្នុងខេត្តកោះកុង កំពង់ចាម និងក្រចេះ ក្នុងក្របខណ្ឌឥណទានសម្បទានពីសាធារណរដ្ឋបារាំង និងជំនួយឥតសំណងពីសហភាពអឺរ៉ុប តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯករាជទូតបារាំង ប្រចាំប្រទេសកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា ក្នុងក្របខណ្ឌនៃគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននិងកំពុងជំរុញការអភិវឌ្ឍយ៉ាងពេញទំហឹងគ្រប់វិស័យ ទាំងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងទាំងគម្រោងបង្កើតរោងចក្រផលិត សម្ភារៈបរិក្ខារនានាក្នុងស្រុក ក្នុងការអភិវឌ្ឍការផ្គត់ផ្គង់ ថាមពលអគ្គិសនីនៅកម្ពុជា។

ឯកឧត្តម បន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជំរុញការសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនីធំៗ អនុស្ថានីយតភ្ជាប់គ្នា ជាមួយនឹងការបន្ថែមជាបន្តបន្ទាប់ដើម្បីផ្ដល់ប្រភពអគ្គិសនី ឱ្យបានគ្រប់គ្រាន់ទាន់តាមកំណើនសេដ្ឋកិច្ច និងឱ្យទាន់តាមកំណើននៃតម្រូវការប្រើប្រាស់ និងជំរុញការសាងសង់ខ្សែបណ្ដាញបញ្ជូនរង និងខ្សែបណ្ដាញចែកចាយអគ្គិសនីតាមបណ្ដាខេត្តនានាជាបន្តបន្ទាប់ ដើម្បីធ្វើការបញ្ជូនចែកចាយប្រភពអគ្គិសនី ដែលបានអភិវឌ្ឍផ្គត់ផ្គង់ឱ្យអ្នកប្រើប្រាស់អគ្គិសនីនៅទូទាំងប្រទេសកម្ពុជាឱ្យបានគ្រប់គ្រាន់។

ឯកឧត្តម បន្ថែមថា ការអភិវឌ្ឍលើវិស័យថាមពលអគ្គិសនីខាងលើ គឺដើម្បីអភិវឌ្ឍន៍កម្ពុជា ឱ្យប្រែក្លាយទៅជាប្រទេសមួយមានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ ចីរភាពអាចទុកចិត្តបានមានគុណភាព និងមានតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ទីកន្លែងទូទាំងប្រទេស ដែលជាកត្តាចម្បង និងចាំបាច់បំផុត សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមព្រមទាំងការផ្ដល់នូវសុខមាលភាព នៃការរស់នៅជូនប្រជាពលរដ្ឋ។

ក្នុងន័យនេះ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចដល់ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា រៀបចំផែនការអភិវឌ្ឍវិស័យថាមពល និងកៀងគរថវិកាពីដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាវិស័យឯកជន សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដើម្បីធានាបានដល់ការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់តាមតម្រូវការ និងប្រកបដោយគុណភាពស្ថេរភាពនិរន្តភាពថ្លៃសមរម្យ និងកាត់បន្ថយផលប៉ះពាល់ជាអតិបរមាដល់បរិស្ថាន និងសង្គម។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋបារាំង ដែលតំណាងក្នុងថ្ងៃនេះដោយ ឯកឧត្តម ហ្សាក់ ប៉ឺឡុង ឯករាជទូតនៃសាធារណរដ្ឋបារាំង ដែលបានផ្ដល់ហិរញ្ញប្បទានសម្បទាន ៧០លានអឺរ៉ូ និងសហភាពអឺរ៉ុប ដែលបានផ្ដល់នូវជំនួយឥតសំណង ១លានអឺរ៉ូ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សម្រាប់ការអភិវឌ្ឍគម្រោងក្នុងវិស័យថាមពលអគ្គិសនីកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានលើកឡើងថា ក្នុងនាមជាឯកអគ្គរាជទូតបារាំងប្រចាំកម្ពុជា ឯកឧត្តម មានមោទនភាពចំពោះការចូលរួមរបស់ប្រទេសបារាំង (AFD) ក្នុងវិស័យថាមពល ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ គឺគម្រោងបញ្ជូន និងការចែកចាយថាមពលអគ្គិសនីដែលយើងកំពុងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ក្នុងគោលបំណងធ្វើឲ្យកាន់តែប្រសើរឡើងនូវថាមពល ដែលអាចជឿទុកចិត្តបាននៅក្នុងខេត្តចំនួន៣។

ឯកឧត្តម បន្ដទៀតថា គម្រោងនេះបង្ហាញពីទំនាក់ទំនងដ៏ល្អសម្រាប់រយៈពេលវែង ដែលក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា បានសាងសង់ AFD ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីជួយគាំទ្រដោយយុទ្ធសាស្ត្រអគ្គិសនីរបស់ប្រទេសកម្ពុជា ការអភិវឌ្ឍ និងការពង្រឹងបណ្ដាញធាតុ ដើម្បីលើកកម្ពស់សមត្ថភាពទទួលបានអគ្គិសនីជាផលប្រយោជន៍ ដល់ប្រជាជនកម្ពុជាទាំងអស់៕

ប្រភព ៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ