អភិបាលខេត្តក្រចេះ​ រៀបចំពិធីប្រគល់រង្វាន់លើកទឹកចិត្ត​ ដល់សិស្សប្រឡងជាប់ និទ្ទេស A-B-C សរុបចំនួន ១២០នាក់​
September 24, 2018 អ្នកទស្សនា :

កាលពីរសៀលថ្ងៃទី ២៣ កញ្ញា ២០១៨ ក្នុងពិធីសំណេះសំណាល​ និងប្រគល់ រង្វាន់លើកទឹកចិត្តជូនសិស្សឆ្នើម ក្នុងខេត្តក្រចេះ​ ដែលរៀបចំដោយ ឯកឧត្តម វ៉ា​ ថន​ អភិបាលខេត្តក្រចេះ​ និងមានការចូលរួមក្រោមអធិបតីភាព​ ឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន​ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ​ រួមទាំងថ្នាក់ដឹកនាំ អង្គភាពជុំវិញខេត្ត និងមាតាបិតាសិស្សយ៉ាងច្រើនកុះករ​ ដែលប្រព្រឹត្តទៅនាសាលមហោស្របខេត្តក្រចេះ។ ​

យោងតាមរបាយការណ៍របស់មន្ទីរអប់រំខេត្ត បានបញ្ជាក់ពីលទ្ធផលនៃការប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៨ នេះ​ អោយដឹងថា៖ បេក្ខជនមានឈ្មោះក្នុងបញ្ជីប្រឡងចំនួន ១,៩៤០នាក់ ស្រី ១,០៤០ នាក់ មានមណ្ឌលប្រឡងចំនួន ៤ និងមានបន្ទប់ប្រឡង ៧៩ បន្ទប់ ហើយបេក្ខជនដែលមកប្រឡងចំនួន ១,៩០២ នាក់ ស្រី ១,០១៨នាក់ ប្រឡងជាប់ចំនួន ១,០០០នាក់ ស្រី ៥៨២ នាក់ ស្មើនឹង ៥២.៦៧% ស្រី ៥៧.១៧% កើនឡើង ៧.៩៦% ស្រី ៥.៧២% ធៀបនឹងឆ្នាំ ២០១៧ ។ក្នុងនោះនិទ្ទេសA ៧នាក់ ស្រី៣ B= ៣៨ នាក់ ស្រី ២១នាក់ C= ៧៥ នាក់ ស្រី ៤៦នាក់ D= ១៤៧ នាក់ ស្រី ៩៨ នាក់ និងE= ៧៣៣ នាក់ ស្រី ៤១៤នាក់។

​ឯកឧត្តម​ កិត្តិបណ្ឌិត​ ពេជ្រ​ ប៊ុនធិន​ មានប្រសាសន៍ថា លទ្ធផលដែលក្មួយ ជាសិស្សពូកែប្រចាំសាលាទូទាំងខេត្ត ក្រុង-ស្រុក ទាំងអស់ ទទួលបាន នៅពេលនេះ គឺជាការបំផុសឱ្យគ្រួសារសហគមន៍ និងសាលារៀន ព្រមទាំងលោកគ្រូអ្នកគ្រូ អោយមាន ស្មារតី​ និងទំនួលខុសត្រូវបន្តអប់រំ,​ ការព្យាយាមផ្តល់ចំណេះដឹង ចំណេះធ្វើ សំដៅបង្កើននូវបរិមាណសិស្សឆ្នើម ឱ្យបានកាន់តែច្រើនថែមទៀត។ ឯកឧត្តមបន្តថា​ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន​ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងកំណែទម្រង់ឲ្យស៊ី ជម្រៅ ទៅលើវិស័យអប់រំ និងបានចាត់ទុកវិស័យអប់រំគឺជាវិស័យអាទិភាព ក្នុងការបណ្ដុះបណ្តាលចំណេះដឹងដល់ មនុស្សគ្រប់ជំនាន់ ឲ្យទទួលបាននូវចំណេះដឹង និងជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពយ៉ាងពិត ប្រាកដ ។ ឯកឧត្តមបន្ថែមថា ក្មួយៗសិស្សានុសិស្សទាំងអស់មិនត្រូវស្កប់ស្គាល់នូវអ្វីដែល ជាជ័យជម្នះពេលនេះ​ហើយ បញ្ឈប់ ឬបោះបង់ចោលនូវជ័យជម្នះខាងមុខនោះទេ ត្រូវរក្សាការព្យាយាមនេះទុកក្នុងចិត្តជានិច្ច​។ ឯកឧត្តមបាន ផ្តាំផ្ញើផងដែរថា ក្មួយត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន​ និងខិតខំសិក្សាស្រាវជ្រាវបន្ថែមដោយខ្លួនឯង ហើយ ត្រូវមានទស្សនៈវិស័យឱ្យវែងឆ្លាយ និងត្រូវមានគោលដៅសម្រាប់អនាគតខ្លួនច្បាស់លាស់​។ ដោយឡែកសម្រាប់ អ្នកដែលមិនបានជាប់ ជ័យលាភីឆ្នាំនេះមិនត្រូវបោះបង់ការសិក្សាឡើយ ត្រូវបន្តការសិក្សាដើម្បីប្រឡង ឆ្នាំក្រោយៗ ទៀត ឬត្រូវមានជំនាញឯកទេសផ្សេងៗ​ តាមរយះសិក្សាជំនាញ បណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាចុងបញ្ចប់​ ឯកឧត្តម​ កិតិ្តបណ្ឌិត​ បានប្រកល់លិខិត សរសើរ រួមនិងថវិការដល់សិស្សជ័យលាភីនិទ្ទេសA ចំនួន ៧ នាក់ ក្នុងម្នាក់ៗ ទទួលបាន៦០០ ដុល្លា និទ្ទេសB ៣៨នាក់ ថវិការ ៧០ម៉ឺនរៀល និងនិទ្ទេសC ៧៥នាក់ ថវិការ ៥០ម៉ឺនរៀល និងវិទ្យាល័យក្នុងខេត្តទាំងអស់ ក្នុងវិទ្យាល័យ ១ទទួលបានថវិការ ៤០ម៉ឺនរៀលផងដែរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ