ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញទទួលកុំព្យូទ័រ ១២គ្រឿង ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
May 05, 2022 អ្នកទស្សនា :

ខេត្តកណ្ដាល៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឧបត្ថម្ភនូវកុំព្យូទ័រចំនួន ១២ គ្រឿង ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្តកណ្តាល ដើម្បីជំរុញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការប្រើប្រាស់ប្រព័ន្ធ SARMIS សម្រាប់រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងឆ្នាំ២០២២ ឱ្យបានពេញលេញ និងទាន់ពេលវេលា ក្រោមគណៈអធិបតីភាពឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដា្ឋនគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គងហិរញ្ញវត្ថុសាធារណៈ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង-ស្រុកទាំង១១។

នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកន្លងមកតែងតែផ្ដល់ការគាំទ្រដល់រដ្ឋបាលខេត្តកណ្ដាល ក្នុងការពង្រឹងការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានវឌ្ឍនភាព និងផ្លែផ្កាជាបន្តបន្ទាប់។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបន្តថា កុំព្យូទ័រចំនួន ១២គ្រឿង ដែលនឹងត្រូវប្រគល់ជូនរដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្តកណ្តាល នាពេលនេះ ក៏ជាការជួយគាំទ្របន្ថែមទៀតដល់រដ្ឋបាលខេត្តកណ្តាល ក្នុងការចូលរួមប្រើប្រាស់ប្រព័ន្ធ SARMIS ឱ្យបានពេញលេញ សម្រាប់រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងឆ្នាំ២០២២នេះ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់ស្នូលមួយនៃកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលដែលត្រូវបានប្រកាសឱ្យអនុវត្តដោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយមានចក្ខុវិស័យច្បាស់លាស់ គឺ "ប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលផ្ដោតលើលទ្ធផលឬសមិទ្ធកម្ម និងវិមជ្ឈការ ស្របតាមស្តង់ដារ និងឧត្តមានុ-វត្តន៍ អន្តរជាតិ” ដើម្បីឈានឆ្ពោះទៅពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

ឯកឧត្តម បានបន្ថែមថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដោយផ្តោតលើការគ្រប់គ្រង ចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS, ការធ្វើប័ណ្ណកម្មសិទ្ធិអចលនទ្រព្យនៅថ្នាក់ក្រោមជាតិ, ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការអនុវត្តផែនការយុទ្ធសាស្ត្រថវិកា, ថវិកាកម្មវិធី និងអង្គភាពថវិកា, និងការអនុវត្តការផ្ទេរភារកិច្ចមុខងារ និងធនធាន។

ទន្ទឹមនឹងនោះ ឯកឧត្តម យ៉េត វីណែល បានសង្ឈឹមថា កុំព្យូទ័រដែលប្រគល់ជូនចំនួន ១២គ្រឿង នាពេលនេះ នឹងជួយសម្រួលបន្ថែមទៀតដល់រដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្តកណ្តាល ក្នុងការប្រើប្រាស់ប្រព័ន្ធ SARMIS សម្រាប់រៀបចំបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋក្នុងឆ្នាំ២០២២នេះឱ្យបានពេញលេញ និងទាន់ពេលវេលា ក្នុងការជំរុញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបន្ថែមទៀត៕

ដោយ៖ ប្រភពរដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ