លោកជំទាវ មិថុនា ភូថង បានស្វាគមន៍ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធីដាំកូនឈើកោងកាងចំនួន ២៥០០ ដើមនៅ ក្នុងក្របខណ្ឌ នៃគម្រោងដាំកូនឈើកោងកាង ចំនួន ៥ម៉ឺនដើម លើផ្ទៃដី១០ហិកតា ស្រុកមណ្ឌលសីមា
September 22, 2018 អ្នកទស្សនា :

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្តកោះកុង បានស្វាគមន៍ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមសាយ សំអាល់ក្នុពិធីដាំកូនឈើកោងកាងចំនួន ២៥០០ ដើមនៅ ក្នុងក្របខណ្ឌនៃគម្រោងដាំកូនឈើកោងកាងចំនួន ៥មុឺនដើមលើផ្ទៃដី១០ហិកតា នៅដែនជម្រកសត្វ ព្រៃពាមក្រសោប ស្ថិតក្នុងភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ការដាំកូនដើមកោងកាងនេះ ក្នុងគោលបំណងដើម្បីជួយបង្កើនគំរបព្រៃកោងកាងក៏ដូចជា ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្ត ស្តីពីការប្រែប្រួលអាកាសធាតុ ការបន្ស៊ាំ នឹង ការប្រែប្រួលអាកាសធាតុ ការបង្កើនជីវៈចម្រុះឡើងវិញ និងចូលរួមលើកស្ទួយជីវភាពសហគមន៍។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដាំកូនឈើកោងកាងនាថ្ងៃនេះ បានបញ្ជាក់អំពីការគាំទ្រ និងចូលរួមអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ជាពិសេសផែនការយុទ្ធសាស្រ្ត ស្តីពីការប្រែប្រួល អាកាសធាតុ ឆ្នាំ២០១៤-២០២៣ ដែលនេះបង្ហាញពីសក្ខីភាព និងសមិទ្ធផល នៃកិច្ចសហការ រវាង ប្រជាពលរដ្ឋសហគមន៍ អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន។ ក្នុងក្របខណ្ឌនេះដែរ ក្រសួងបរិស្ថានបានធ្វើកំណែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុងក្រសួង ដោយបង្កើត ឱ្យមាននាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ ដើរតួនាទី រួមចំណែក ក្នុងកិច្ចការពារបរិស្ថាន និងការអភិរក្សធនធានតំបន់ឆ្នេរ និងសមុទ្រទាំងថ្នាក់តំបន់ និងសកលលោកផងដែរ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ហិរញ្ញវត្ថុសាធារណៈ និងការធ្វើវិមជ្ឈការ វិសហមជ្ឈការ។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានថ្លែងនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ នាយកដ្ឋាន អភិរក្សសមុទ្រ និងតំបន់ឆ្នេរនៃក្រសួងបរិស្ថាន ក្រុមការងារថ្នាក់ខេត្ត ដែលបានបង្កើតឱ្យមានព្រឹត្តិការណ៍នេះឡើង ក៏ដូចជាក្រុមហ៊ុន Starlight Apparel Manufacturing Company Limited ក្នុងការគាំទ្រ និងចូលរួមអភិរក្សធនធានធម្មជាតិតំបន់ឆ្នេរ និងការលើកស្ទួយជីវភាព ប្រជាសហគមន៍មូលដ្ឋាន ជាមួយក្រសួងបរិស្ថាន ហើយសំដែងការលើកទឹកចិត្តដល់សហគមន៍ ដែលបានចូលរួមថែរក្សា និងអភិរក្សធនធានព្រៃកោងកាងតំបន់ឆ្នេរផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងបានចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ កាត់បន្ថយការសាយភាយនៃឧស្ម័នផ្ទះកញ្ចក់ តាមរយៈ ការការពារ ការអភិរក្ស និងការដាំស្តារព្រៃឈើឡើងវិញ ដែលមានតួនាទីសំខាន់ក្នុងការស្រូប យកនូវឧស្ម័នកាបូនិច។ លើសពីនេះ ព្រៃកោងកាងមានសក្តានុពលក្នុងការរួមចំណែកស្រូបយកឧស្ម័នកាបូនិច រក្សា បាននូវតុល្យភាពប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងមច្ឆាជាតិ ដែលជាធនធានចាំបាច់ សម្រាប់លើកកម្ពស់ ជីវភាពប្រជាសហគមន៍ តាមរយៈការនេសាទ ទេសចរណ៍ ធម្មជាតិ និងការកែច្នៃផលិតផលពីធនធានសមុទ្រ និងតំបន់ឆ្នេរ។ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង មានប្រសាសន៍ថា ព្រៃកោងកាងពិតជាមានសារៈសំខានណាស់សម្រាប់ជីវៈចម្រុះនៅក្នុងសមុទ្រ និងជាជម្រកនៃសត្វស្លាបគ្រប់ប្រភេទ ដែលកន្លងមកថ្នាក់ដឹកនាំខេត្ត និងមន្រ្តីជំនាញ ក៏ដូចជាប្រជាសហគមន៍បានយកចិត្តទុកដាក់ក្នុងការថែរក្សាការពារ អោយបានគង់វង្ស ជាពិសេសទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្ត។ ថ្ងៃសៅរ៍ ១៣ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ September 22, 2018 #កោះកុង #រដ្ឋបាលខេត្តកោះកុង #Kohkong #Cambodia

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ