រដ្ឋបាលខេត្តកោះកុង ប្រារព្ធពិធីទិវាបរិស្ថានជាតិ និងអន្តរជាតិ ៥ មិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ «ថែទាំភពផែនដី ដើម្បីសុខភាពយើង»
June 13, 2022 អ្នកទស្សនា :

នាថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកោះកុង បានប្រារព្ធពិធីទិវាបរិស្ថានជាតិ និងអន្តរជាតិ ៥ មិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ «ថែទាំភពផែនដី ដើម្បីសុខភាពយើង» ដោយមានការអញ្ជើញចូលរួមពី លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា ការប្រារព្ធទិវាបរិស្ថានជាតិ និងអន្តរជាតិ ៥ មិថុនា ឆ្នាំ២០២២ នាពេលនេះ ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងពីបរិស្ថាន ដល់សាធារណៈជន លើកទឹកចិត្តប្រជាសហគមន៍ និងសាធារណៈជនទូទៅឱ្យចូលរួមចំណែកក្នុងការអភិវឌ្ឍអេកូទេសចរណ៍ និងការអភិវឌ្ឍដោយចីរភាព។ កន្លងមកនេះ អាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ខ្លាំងក្នុងកិច្ចគាំពារបរិស្ថាន ដើម្បីលើកកម្ពស់វិស័យបរិស្ថាន ដោយបានរួមសហការជាមួយមន្ទីរអង្គភាពជំនាញ ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិនានា ក៏ដូចបងប្អូនប្រជាពលរដ្ឋ និងវិស័យឯកជនក្នុងខេត្ត ចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុ ការពារគុណភាពបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ក្នុងខេត្តរបស់យើងឱ្យប្រើប្រាស់បានយូរ អង្វែងសម្រាប់អ្នកជំនាន់ក្រោយ។

ជាក់ស្ដែងរដ្ឋបាលខេត្ត បានសហការជាមួយបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត សាលារៀន វត្តអារ៉ាម និងវិស័យឯកជនឱ្យចូលរួមដាំកូនឈើបានរាប់ម៉ឺនដើម នៅតាមដងផ្លូវទីសាធារណៈ និងក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកោះកុង។ ក្នុងសកម្មភាពនេះដែរ មន្ទីរបរិស្ថានខេត្តក៏បានរួមចំណែកខិតខំ បំផុសចលនាមហាជន និងធ្វើការសហការជាមួយនឹងអាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក្នុងគោលបំណងឱ្យមានការចូលរួមថែរក្សាបរិស្ថាន ទីក្រុង និងជនបទមានភាពបៃតងតាមរយៈសកម្មភាពការអប់រំផ្សព្វផ្សាយ លើកទឹកចិត្តចូលរួមចំណែក អភិរក្សធនធានធម្មជាតិ ដើម្បីការពារបរិស្ថានក្នុងន័យការពារជីវិត នៅលើផែនដីអាចរស់នៅបានដោយសុខសុវត្ថិភាព និងយូរអង្វែង។

ថ្វីត្បិតតែខេត្តកោះកុង មិនទាន់មានបញ្ហាប៉ះពាល់ធំដុំពីការប្រែប្រួលអាកាសធាតុនៅឡើយ ប៉ុន្តែយើងត្រូវចូលរួមគិតគូរ និងកែលំអការអភិវឌ្ឍទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកទីក្រុង និងការអភិវឌ្ឍវិស័យកសិកម្មឱ្យបានទាន់ពេលវេលា ដែលចូលរួមចំណែកដ៏សំខាន់សម្រាប់ធ្វើឱ្យខេត្តកោះកុង ក្លាយជាទីក្រុងទេសចរណ៍បៃតង បរិស្ថាន បៃតង កសិកម្មបៃតង និងឆ្នេរសមុទ្រស្រស់ស្អាត ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រសិទ្ធនាមខេត្តជាប់មាត់សមុទ្រជាតារារះនាទិសនិរតី។ លើសពីនេះការគ្រប់គ្រងសំរាម និងអនាម័យបរិស្ថាននៅខេត្តកោះកុង បច្ចុប្បន្នថ្នាក់ដឹកនាំខេត្តបានណែនាំដល់មន្ទីរជំនាញជុំវិញខេត្តត្រូវយកចិត្តទុកដាក់ខ្លាំង។

ជាក់ស្ដែងការប្រារព្ធទិវាបរិស្ថានជាតិ និងអន្តរជាតិ ៥ មិថុនា ឆ្នាំ២០២២ នាថ្ងៃនេះ ជាចលនាមួយគាំពារបរិស្ថានអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព ព្រមទាំងបំផុសឱ្យប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ គ្រប់លំដាប់ថ្នាក់ សិស្ស និសិត្សគ្រប់ភូមិសិក្សា ឱ្យចូលរួមធ្វើអនាម័យកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចនានា សំដៅរួមចំណែកកសាងសង្គមកម្ពុជាមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង។ ការប្រារព្ធទិវាបរិស្ថានជាតិ និងអន្តរជាតិ ៥ មិថុនា ឆ្នាំ២០២២ នាពេលនេះ ជាមោទនៈភាពមួយរបស់ខេត្តកោះកុង ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងប្រវត្តិសាស្ត្រក៏ដូចជាក្នុងការជួយផ្សព្វផ្សាយនូវសក្តានុពល លើវិស័យទេសចរណ៍ ក្នុងន័យការពារគុណភាពបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ