នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ច ប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំB២ សាលា ខេត្តបាត់ដំបង ។
នៅក្នុងកិច្ចប្រជុំនេះដែរបានផ្ដោតសំខាន់ទៅលើបញ្ហាបទល្មើសព្រៃឈើ ដោយមានការកាប់ និងការដុត ព្រៃឈើ នៅតាមតំបន់ព្រៃឈើ និងតំបន់ភ្នំស្ថិតក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដោយត្រូវឱ្យមានវិធាន ការការពារជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក្នុងនាមជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ចំពោះបុគ្គល ដែលធ្វើការទន្រ្ទានព្រៃឈើ ដោយការកាប់បំផ្លាញព្រៃឈើ ការដុតបំផ្លាញព្រៃឈើស្ថិត ក្នុងភូមិសាស្រ្ដ ខេត្តបាត់ដំបងនេះ ត្រូវធ្វើយ៉ាងណាត្រូវតាមដានរកសាវតាឱ្យឃើញ ដើម្បីយកមកផ្ដន្ទាទោស តាមផ្លូវ ច្បាប់ ដោយគ្មានការលើកលែងឡើយ មិនថាបុគ្គលដែលបំផ្លាញព្រៃឈើនោះធ្វើសកម្មភាពពេលយប់ ឬពេលថ្ងៃ ឬជាបុគ្គលមានអំណាចយ៉ាងណាក៏ដោយ ក៏ត្រូវរកឱ្យឃើញទាំងមេខ្លោងដើម្បីធ្វើការដោះ ស្រាយតាមផ្លូវច្បាប់ជាបន្តបន្ទាប់ បើពុំដូចនោះទេ ព្រៃឈើស្ថិតក្នុងភូមិសាស្រ្ដខេត្តបាត់ដំបងនឹងត្រូវខ្ទិច គ្មានសល់ឡើយ ក្នុងនោះមិនត្រឹមតែការកាប់បំផ្លាញព្រៃឈើតែប៉ុណ្នោះទេបុគ្គលដែលបំផ្លាញភ្នំ ទន្ទ្រានយកភ្នំ ដោយការជីកកាយដីភ្នំ ដែលគ្មានការអនុញ្ញាតពីច្បាប់ក៏ត្រូវចាត់វិធានការដែរ បើពុំនោះទេ ភ្នំជាបន្តបន្ទាប់នឹងលែងមានសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបានឃើញឡើយ ។
ឯកឧត្តមបានបន្តទៀតថា ដោយឡែកការបញ្ជាក់ការផ្ទេរកម្មសិទ្ធិដី ដែលជាដីរបបព្រៃឈើ និងបរិស្ថាន ដែលជាកម្មសិទ្ធិរបស់រដ្ឋ ត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពទាំងនេះ បើពុំនោះទេ ក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនត្រូវមានការលើកលែងឡើយ ។
ឯកឧត្តម បានបន្តទៀតថា បញ្ហាគ្រឿងញៀន និងបញ្ហាចរាចរណ៍ នៅតែជាបញ្ហាចោទដែលត្រូវដោះស្រាយ ដោយឯកឧត្តមបានណែនាំដល់អភិបាលរងខេត្តទទួលបន្ទុកលើបញ្ហានេះ ត្រូវតែបន្តសកម្មភាពក្នុងការទប់ស្កាត់ឱ្យមានប្រសិទ្ធិភាព បង្រ្កាបការជួញដូរគ្រឿងញៀន នៅភូមិសាស្រ្ដខេត្តបាត់ដំបង ក៏ដូចជាការប្រើប្រាស់គ្រឿងញៀន ព្រោះដោយសារតែគ្រឿងញៀននេះហើយ ទើបបង្កឱ្យមានភាពអសន្ដិសុខកើតឡើងនៅតាមភូមិឋានរបស់ប្រជាពលរដ្ឋឥតស្រាកស្រាន្ត បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋជាប្រចាំ ។
ចំណែកបញ្ហាចរាចរណ៍ ឯកឧត្តមបានធ្វើការណែនាំដល់អភិបាលរងខេត្តដែលទទួលបន្ទុកបញ្ហានេះ និងអាជ្ញាធរ ត្រូវពិនិត្យឡើងវិញនូវការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យចរាចរណ៍ កន្លែងផាកវិន័យត្រឹមត្រូវ ដោយមានការដឹងលឺពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផងដែរ ដោយឡែកចំពោះមន្រ្ដីអនុវត្តច្បាប់ត្រូវតែមានសុក្រឹត្យភាព តម្លាភាព និងអនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់ និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ឱ្យមានប្រសិទ្ធិភាពខ្ពស់ និងទប់ស្កាត់ឱ្យខានតែបានការដឹកជញ្ជូនលើសទម្ងន់ សំពីងសំពោងដែលបង្កឱ្យមានការខូចខាតផ្លូវសាធារណៈ និងបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗកើតឡើងនៅតាមដងផ្លូវសាធារណៈ ៕
ប្រភព៖ រដ្ឋបាលខេត្តាបាត់ដំបង