ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលារាជធានីភ្នំពេញ
June 09, 2022 អ្នកទស្សនា :

(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលារាជធានីភ្នំពេញ។ នាឱកាសនោះដែរ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ក្នុងនាមជាមន្ត្រីនៅថ្នាក់ក្រោមជាតិ ត្រូវបំពេញការងារឱ្យអស់ពីសមត្ថភាព អស់ពីកម្លាំងកាយចិត្ត និងមានការលះបង់ខ្ពស់ជាមួយការងារ ដើម្បីធ្វើយ៉ាងណាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញអោយកាន់តែល្អប្រសើរ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងទៀតថា ក្នុងនាមជាមន្ត្រីនៅថ្នាក់មូលដ្ឋានឬថ្នាក់ក្រោមជាតិ បើមិនមានការលះបង់ទេ យើងធ្វើការងារបម្រើប្រជាពលរដ្ឋមិនបានទេ ពិសេសមន្ត្រីនៅថ្នាក់រាជធានី ,ខណ្ឌ និងសង្កាត់នេះហើយ ដោយយើងជាអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ។ ការអនុវត្តការងារបែបនេះនឹងទទួលបានការជឿទុកចិត្ត និងភាពកក់ក្តៅពីប្រជាពលរដ្ឋ។ ជាក់ស្តែងនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពិតជាបានបង្ហាញអោយឃើញហើយថា ដោយសារតែយើងបានលះបង់ បានយកអស់កម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋនេះហើយ ទើបប្រជាពលរដ្ឋឆ្លើយតបមកវិញយ៉ាងល្អប្រសើរ នោះគឺការបោះឆ្នោតគាំទ្រ ឱ្យយើងបន្តការងារបម្រើពួកគាត់បន្តទៅមុខទៀត។

ទន្ទឹមនឹងនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំដល់មន្ត្រីធនធានមនុស្ស នៃសាលារាជធានីភ្នំពេញទាំងអស់ ត្រួតពិនិត្យមើលឱ្យបានច្បាស់លាស់ចំពោះស្មៀននៅតាមសង្កាត់ទាំង១០៥ ដើម្បីធ្វើយ៉ាងណាអោយការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋត្រូវតែល្អ និងត្រូវតែមានតម្លាភាព។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា សម្រាប់មន្ត្រីនៅថ្នាក់ក្រោមជាតិនេះ ការបម្រើប្រជាពលរដ្ឋគឺត្រូវធ្វើឡើង មិនថាយប់ឬថ្ងៃឈប់សម្រាកឡើយ។ មន្ត្រីយើងដែលបាន និងកំពុងបំពេញការងារ បើមានចំណុចណាដែលមិនចេះ មិនយល់ ត្រូវចេះសួរគេ ហើយការសួរនេះហើយ យើងនឹងចេះអស់មួយជីវិត។

គួរបញ្ជាក់ថា ក្នុងពិធីនេះត្រូវបានតែងតាំងមន្ត្រីរាជការចំនួន ០៥រូប ក្នុងរចនាសម្ព័ន្ធទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលារាជធានីភ្នំពេញ ក្នុងនោះរួមមាន៖ ១.លោក ហ៊ីម លីម៉េង តែងបានតាំងឱ្យកាន់មុខតំណែង ជានាយក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស។ ២.លោកស្រី ឈុន បូរ៉ាវី ឱ្យកាន់មុខតំណែងជា នាយិការង នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស។ ៣.លោក ឡុង តារា អោយកាន់ មុខតំណែងជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រង ធនធានមនុស្ស ។៤.លោក គឹម ច័ន្ទអឿន ឱ្យកាន់មុខតំណែងជា អនុជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រង ធនធានមនុស្ស។ ៥.កញ្ញា រដ្ឋា ចន្ទី ឱ្យកាន់មុខតំណែងជា អនុប្រធានការិយាល័យកសាងសមត្ថភាព នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស។

លោក ហ៊ីម លីម៉េង  បានធ្វើការប្តេជ្ញាចិត្តថា៖ នេះជាឱកាសដែលពួកយើង បានបញ្ចេញសមត្ថភាព ដើម្បីបំរើក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី។ លោកសូមប្តេជ្ញាចិត្តថា នឹងគ្រប់គ្រងធនធានមនុស្សអោយកាន់តែមានប្រសិទ្ធភាព និងគ្រប់គ្រងប្រព័ន្ធការងារអោយកាន់តែល្អប្រសើរ លើកកំពស់សមត្ថិភាព ដើម្បីជាកម្លាំងស្នូលរបស់ស្ថាប័ន និងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អបំផុត៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ