ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបើកការដ្ឋានសាងសង់រោងជាងជួស​ជុលនាវា ផែសំចត និងស្ដារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្រ
June 09, 2022 អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមជ្ឈ​មណ្ឌ​ល​​​​ទំនើបកម្មមូលដ្ឋានសមុទ្រសម្រាប់កង ទ័ពជើងទឹកមូលដ្ឋានសមុទ្រ ក្រោមអធិបតីភាព​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​​ការពារជាតិ​តំណាងដ៏ខ្ពង់ខ្ពស់​សម្ដេចមហា​សេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គ​​រដ្ឋ​ទូត នៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួម​ពី​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាប្រចាំព្រះរាជាណាចក្រកម្ពុជា និងអភិបាលខេត្តជាប់​សមុទ្រ។ 

ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាមានប្រសាសន៍ ក្នុង ការចូលរួមបើកការដ្ឋាន ដោយអបអរសាទរថ្នាក់ដឹកនាំប្រទេសទាំងពីរដាក់ចេញនូវគ្រប់វិស័យទទួល បានផ្លែផ្កា ជម្រុញទំនាក់ទំនងទ្វេភាគី ជាបងប្អូនដែកថែប ជាដៃគូរយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការរ វាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ លើកស្ទួយកងទ័ពជើងទឹកកម្ពុជា។ ការផ្តល់ជំនួយដល់កងទ័ព កម្ពុជាសំដៅពង្រឹងសមត្ថភាពលើវិស័យការពារជាតិ ដើម្បីបុព្វហេតុ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា ការ បើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លងនៅមជ្ឈមណ្ឌលទំនើបកម្មមូល ដ្ឋានសមុទ្រ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ស្របពេលដែលព្រះ រាជាណាចក្រកម្ពុជា រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ប្រកបដោយ ប្រជាធិបតេយ្យបរិយាកាសសេរី តម្លាភាព មានភាពសុខសាន្តគ្មានអំពើហិង្សា គោរពអនុវត្ត​យ៉ាងខ្ជាប់​ខ្ជួន​នូវច្បាប់ នីតិវិធី និងបទបញ្ជាទាំងឡាយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សម្តេចពិជ័យសេនា ទៀ បាញ់ មានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីសំណង់អគារជួសជុលនាវា ផែសំចត និងស្ដារឃ្លង បំពាក់ដោយឧបករណ៍សម្ភារៈបច្ចេកទេសទំនើបសាងសង់រួចនឹងផ្ដល់ភាពងាយស្រួល ដល់នាយ នាយរង និងពលនាវិកកងទ័ពជើងទឹកកាន់តែមានសមត្ថភាពចំណេះដឹងប្រកបដោយជំនាញ បច្ចេកទេស វិជ្ជាជីវៈ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងអនាគត រួម ចំណែកយ៉ាងសំខាន់ក្នុងការការពារឯករាជ្យ សន្តិភាព អធិបតេយ្យបូរណភាពទឹកដី និងរាល់សមិទ្ធផល នៃសង្គមជាតិកាន់តែរឹងមាំ និងលើកតម្កើងកេរ្តិ៍ឈ្មោះកងយុទ្ធពលខេមរៈភូមិន្ទ នៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរ ភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំង​ពីរកម្ពុជា-ចិន មានការវិវត្តឥតឈប់ឈរ ធ្វើឱ្យមានទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន មានការរីកចម្រើនគួរឱ្យកត់សម្គាល់ កិច្ចសហប្រតិបត្តិការយោធាទាំងពីរបានបន្តពង្រឹងពង្រីក កាន់ តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឈរលើគោលការណ៍ការជឿជាក់ និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈថ្នាក់ ដឹកនាំប្រទេសទាំងពីរមិត្តភាពជាប្រពៃណី និងជាប្រវត្តិសាស្រ្តដ៏យូរអង្វែងកម្ពុជា-ចិន គឺជាសម្បត្តិដ៏​មានតម្លៃរួមរវាងប្រជាជនយើងទាំងពីរផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ