រដ្ឋបាលខេត្តប៉ៃលិន រៀបចំប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភា ដើម្បីរំលឹកគុណឥស្សរជនដែ​ល​ពាលី បូជាជីវិត ជួយរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត
May 21, 2022 អ្នកទស្សនា :

ប៉ៃលិន៖ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន បានប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ និងឧទ្ទិសមហាកុសលផលបុណ្យ ជួនដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ដោយភាពអយុត្តិធម៌  ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលកម្មវិធីនេះ ធ្វើឡើងបរិវេណវត្តរតនសោភ័ណ្ឌ ហៅកោងកាង ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន  ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី រួមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន សសយក យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធ តាជីយាយជី និងប្រជាពលរដ្ឋផងដែរ។

ក្នុងការអាននូវវិយោគកថា របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានគូសបញ្ជាក់ថា៖ ពិធីទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ គឺជាសកម្មភាពដ៏មានអត្ថន័យយ៉ាងពិតប្រាកដ ដែលបានស្តែងឲ្យឃើញថា ទោះបីជារឿងរ៉ាវនេះបានកន្លងផុតក្នុងអតីតកាលអស់ជាង ៤០ឆ្នាំហើយក៍ដោយ ប៉ុន្តែជារឿងឈឺចាប់ និងជាមហាសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង ដែលធ្វើឲ្យបងប្អូនជនរួមជាតិ យើងទាំងអស់ពុំអាចបំភ្លេចបានឡើយ ហើយបានចារទុកជាសច្ចៈធម៌   ប្រវិត្តសាស្រ្ត ទោះបីជនរួមជាតិជំនាន់ក្រោយដែលពុំបានឆ្លងកាត់ក៍ដោយ ក៍ពួកគាត់នឹងសិក្សាស្វែងយល់ពីប្រវិត្តសាស្ត្រដ៏មហាជូរចត់នោះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រវិត្តសាស្ត្រនេះក៏ត្រូវបាននឹងកំពុងទទួលស្គាល់ពាសពេញពិភពលោក តាមរយៈការនាំយកមេដឹកនាំនៃរបបខ្មែរក្រហម មកកាត់ទោសនៅអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីជំនុំជំរះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលយើងអាចនិយាយបានថា ការទទួលស្គាល់នេះ ការជំនុំជំរះនេះ គឺជាផ្នែកមួយនៃការផ្តល់នូវភាពត្រឹមត្រូវជូនដល់រាជរដ្ឋាភិបាលកម្ពុជា សង្គមជាតិកម្ពុជា និងការផ្សះផ្សារបួស ទាំងផ្លូវកាយ និងផ្លូវចិត្ត ជូនជនរួមជាតិ ដែលបានរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ។

លោកជំទាវអភិបាល ក៍បានធ្វើការបេ្តជ្ញាចិត្តយ៉ាងមោះមុត ដោយបានគាំទ្រជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ឥស្សរជន និងអង្គការនានាទាំងនៅក្នុងប្រទេស និងនៅជុំវិញពិភពលោក ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ពុំគិតការនឿយហត់ជាង ៤០ឆ្នាំកន្លងមក ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជា និងឈានទៅសម្រេចជោគជ័យជាស្ថាពរ ដោយធានាបាននូវសន្តិភាព ការបង្រួបបង្រួមជាតិ អធិបតេយ្យភាព និងការអភិវឌ្ឍ ហើយខិតខំពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិទាំងមូលអោយបានរឹងមាំ ប្រកបដោយចីរភាព និងចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា និងរួមគ្នាការពារថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់សង្គមអោយបានល្អប្រសើរ និងការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា  ព្រមទាំងពង្រឹងខឿនការពារជាតិរបស់ប្រជាជនឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានរំព្ញកឡើងវិញអំពីព្រឹត្តិការណ៍ជាក់ស្តែងមួយចំនួន ដែលកម្ពុជា បានជួបប្រទះក្នុងការឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម ដែលបង្កការឈឺចាប់ខ្លោចផ្សា មិនអាចថ្លែងបាន ចំពោះប្រជាជនកម្ពុជាទាំងមូល ហើយនៅបន្សល់ទុកនូវស្លាកស្នាមមិនទាន់រលុបអស់នៅឡើយមកដល់ពេលបច្ចុប្បន្ននេះ ដូច្នេះសមិទ្ធផលនៃនយោបាយឈ្នះ ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ ហើយបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជន ពីជីវភាពក្រីក្រមកជាប្រជាជនមានចំណូលកម្រិតមធ្យម។

ឯកឧត្តមប្រធាន ក៍បានឧទ្ទិសនូវថ្ងៃទិវាជាតិនៃការចងចាំ ២០ឧសភានេះ ឲ្យប្រែក្លាយទៅជាការកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សំដៅទៅរកការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជនកម្ពុជា ព្រមទាំងបានអំពាវនាវដល់សមាជិក សមាជិកា និងជនរួមជាតិទូទាំងខេត្តប៉ៃលិន សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា  ដើម្បីអោយរាជរដ្ឋាភិបាលកម្ពុជា  មានលទ្ធភាពបន្តការអភិវឌ្ឍប្រទេសជាតិ ក៍ដូចជាខេត្តប៉ៃលិនយើង  ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ