រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបុណ្យវិសាខបូជា នៅវត្តសែនមនោរម្យ ក្រុងសែនមនោរម្យ
May 16, 2022 អ្នកទស្សនា :

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្ត រួមទាំងលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមការងារយុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមប្រារព្វពិធីបុណ្យវិសាខបូជា ដង្ហែពីរង្វង់មូលគោព្រៃទៅកាន់វត្តសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា បុណ្យវិសាខបូជា គឺជាបុណ្យប្រពៃណីសាសនាដ៏សំខាន់មួយ ក្នុងចំណោមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ ជាដើម។ ការធ្វើវិសាខបូជានេះ ជាការរំលឹកដល់កាលទាំងបី របស់ព្រះសម្មាសម្ពុទ្ធ គឺ (ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន) ឲ្យតែដល់ថ្ងៃ ១៥កើត ពេញបូណ៌មី ខែពិសាខ ពុទ្ធបរិស័ទគ្រប់វត្តអារាម មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បាននាំគ្នារៀបចំពិធីបុណ្យវិសាខបូជានេះជារៀងរាល់ឆ្នាំ។ ឯកឧត្តម បានបញ្ជាក់ថា វិស័យសាសនា ត្រូវបានស្ដារឡើងវិញ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានផ្តល់តម្លៃខ្ពស់ លើការអភិវឌ្ឍន៍វិស័យសាសនា ដែលក្នុងនោះមាន ការគោរពសិទ្ធិសេរីភាពខាង ជំនឿ សាសនា ការលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងការគាំទ្រការគោរពប្រតិបត្តិការសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ។ រាជរដ្ឋាភិបាលបានខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ក្លាយជាមជ្ឈមណ្ឌលជីវភាពខាងស្មារតី ដែលជាសកម្មភាពដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌អប់រំ និងសីលធម៌សង្គម។ 

ឯកឧត្តម អភិបាលខេត្ត សូមកោតសរសើរចំពោះមន្ទីរធម្មការ និងសាសនា និងមេគុណ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្ម ក្នុងការទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើនសមស្របទៅនឹងការវិវត្តន៍របស់សង្គមជាតិ។ ឯកឧត្តម ក៏បានសំណូមពរដល់ពុទ្ធសាសនិកជនទាំងអស់ មេត្តាចូលរួមប្រតិបត្តិតាមព្រះពុទ្ធឱវាទ របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងឲ្យបានខ្ជាប់ខ្ជួន តាមតួនាទី និងភារកិច្ខរបស់ខ្លួន ជាព្រះសង្ឃ ឬជាគ្រហស្ថ ឧបាសក ឧបាសិកា ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនារបស់យើងឲ្យមានការរីកចម្រើន ព្រោះថាព្រះពុទ្ធសាសនារីកចម្រើន ឬអត់ គឺអាស្រ័យទៅលើយើងទាំងអស់គ្នា។ 

ទន្ទឹមនោះ ឯកឧត្តម សូមឲ្យអ្នកដឹកនាំព្រះពុទ្ធសាសនាទាំងអស់ មេត្តាបន្តការប្រកាន់ភ្ជាប់នូវការយល់គ្នា គោរពគ្នាតាមឋានានុក្រម សំដៅធ្វើឲ្យមានការឯកភាពសាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា និងសូមឲ្យព្រះថេរានុថេរៈគ្រប់ព្រះអង្គ បន្តយកចិត្តទុកដាក់ស្វាធ្យាយរៀនសូត្រព្រះធម៌ ព្រះវិន័យ និងប្រតិបត្តិបានសមជាស្រែបុណ្យសម្រាប់ជាទីសក្ការៈរបស់ពុទ្ធបរិស័ទ។ នាឳកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងពុទ្ធបរិស័ទទាំងអស់ បានចូលរួមរាប់បាតព្រះសង្ឃចំនួន ១០០អង្គផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ