អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកងកម្លាំងពាក់ព័ន្ធយកចិត្តទុកដាក់ការពារសន្តិសុខសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅខែក្រោយនេះ
May 12, 2022 អ្នកទស្សនា :

ភ្នំពេញ៖អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតនានានៅក្នុងរាជធានីភ្នំពេញ។

ការណែនាំបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ឧសភាឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ តំណាងស្នងការនគរបាលរាជធានី តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ពន្ធនាគាររាជធានី កងយុទ្ធភូមិភាគពិសេសនិងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញទាំងអស់។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ក្រៅពីការយកចិត្តទុកដាក់
ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតហើយនោះ ត្រូវពិនិត្យពីភាពអសកម្មនានានៅតាមទីតាំងនិងការិយាល័យបោះឆ្នោត សំដៅធ្វើយ៉ាងណាឱ្យការបោះឆ្នោតនេះ ដំណើរការទៅដោយរលូនធានាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកឃួង ស្រេង ទៀមទាឱ្យកម្លាំងនិងអាជ្ញាធរទាំងអស់ក្រៅពីការខិតខំប្រឹងប្រែងបំពេញការងារក្នុងអំឡុងពេលយុទ្ធនាការឃោសនានិងអំឡុងពេលបោះឆ្នោតនេះហើយ ត្រូវពិនិត្យមើលផ្លូវច្បាប់អោយច្បាស់លាស់ ដើម្បីអនុវត្តការងារទាំងនេះបានទៅដោយរលូន បានល្អប្រសើរនិងគ្មានកំហុសឆ្គង។

គួរបញ្ជាក់ថា៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង បានរៀបចំផែនការរួចហើយ សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងយុទ្ធនាការឃោសនានិងបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់នេះ ដោយនៅភ្នំពេញ អ្នកមានឈ្មោះ ត្រូវទៅបោះឆ្នោតមានចំនួន៨៩៩៦៨៨នាក់ មានការិយាល័យបោះឆ្នោតចំនួន២១៩៧ ការិយាល័យ ស្មើនិង២៦៥ទីតាំង។ ដោយចាប់ពីពេលនេះតទៅរហូតដល់បញ្ចប់ការបោះឆ្នោត យើងបានរៀបចំ កម្លាំងបានយ៉ាងល្អ ទាំងកម្លាំងសន្តិសុខ កម្លាំងប៉ូលីស និងកងរាជអាវុធហត្ថ ។នៅពេលបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត យើងបាន រៀបចំជា៣តំបន់ នោះគឺតំបន់ A B និងC (Aនៅ បរិវេណបោះឆ្នោត , B ឆ្ងាយពីទីតាំង៥០ម៉ែត្រ និងCនៅក្រៅទីតាំង១០០ម៉ែត្រ) សំដៅធ្វើយ៉ាងណអោយការបោះឆ្នោតនេះ ដំណើរការទៅដោយរលូនធានាបានសន្តិសុខ សុវត្ថិភាព មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ