ឯកឧត្តម សុខ លូ និងលោកជំទាវបន្តអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន២៨៤គ្រួសារ នៃស្រុករុក្ខគីរី    
May 11, 2022 អ្នកទស្សនា :

ព្រឹកថ្ងៃពុធទី១១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា សប្បុរសជន បានបន្តអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ជនចាស់ជរាឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយកូនច្រើនមានជីវភាពខ្វះខាតចំនួនសរុប២៨៤គ្រួសារ មកពីឃុំចំនួន៥នៃស្រុករុក្ខគីរី    ដែលពិធីនេះរៀបចំឡើង នៅបរិវេណផ្សារដំបូលខៀវ ឃុំស្តុកប្រវឹង ស្រុករុក្ខគីរី។

ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម សុខ លូ បាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែមានការគិតគូរដល់ប្រជាពលរដ្ឋគ្រប់ៗរូប ពិសេសប្រជាពលរដ្ឋងាយរងគ្រោះនានា ពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសផ្ញើ នូវក្តីនឹករលឹកចំពោះលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋផងដែរ។ 

 ក្រោមការដឹកនាំពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រោមការចង្អុលបង្ហាញ ពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង សម្ដេចតែងតែធ្វើការណែនាំដល់សាខាកាកបាទក្រហមខេត្ត ធ្វើការស្វែងរកជាប្រចាំ អ្នកដែលកំពុងមានការខ្វះខាត ដើម្បីឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចធ្វើការរៀបចំចែកជូនជាអំណោយសង្រ្គោះបឋម ដែលអាចធ្វើការដោះស្រាយជីវភាពបានមួយរយៈពេលខ្លីផងដែរ។ 

ទន្ទឹមនេះ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង    ព្រមទាំងសប្បុរសជននានាដែលបានចូលរួមបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនសាខាកាកបាទក្រហមកម្ពុជា ខេត្ត ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាខេត្ត អាចបន្តចុះបំពេញសកម្មភាពមនុស្សធម៌បានដូចនាពេលនេះនិងបន្តបន្ទាប់ទៀត។ 

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជូនដល់បងប្អូនប្រជាពលរដ្ឋ សូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះមហន្តរាយដោតធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ជាពិសេសការពារកុំឱ្យមូសខ្លាខាំ ត្រូវគេងក្នុងមុងជានិច្ច និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ថ្វីបើរាជរដ្ឋាភិបាលទុកឱ្យប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តពាក់ម៉ាស់ឬ មិនពាក់ម៉ាស់ តែត្រូវចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិត ឬកាត់បន្ថយការគ្រោះថ្នាក់ធ្ងន់ធ្ងរ។

ទន្ទឹមនឹងនោះ ឯកឧត្តម បានធ្វើការណែនាំដល់រដ្ឋបាលស្រុករុក្ខគិរី ពិនិត្យមើលលទ្ធភាពដែលអាចធ្វើបានក្នុងការសាងសង់ផ្លូវបេតុងជំនួសឲ្យផ្លូវក្រាលគ្រួសក្រហម និងត្រូវបើកផ្លូវ រក្សាចំណីផ្លូវឲ្យហើយស្រេច ដោយត្រូវធ្វើការណែនាំដល់ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យមានការសាងសង់រំលោភលើដីចំណីផ្លូវឡើយ។ ក្នុងនោះ ឯកឧត្តមបានណែនាំដល់រដ្ឋបាលស្រុក ពិនិត្យមើលការរៀបចំទីលានចាក់សំរាមមួយកន្លែងដែលនៅឆ្ងាយពីទីប្រជុំជន ងាយស្រួលទុកដាក់សំរាមបានត្រឹមត្រូវ មិនប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មានទម្លាប់ចេះស្រឡាញ់បរិស្ថាន ចេះរៀបចំទុកដាក់សំរាមបានត្រឹមត្រូវ និងមិនត្រូវចោលសំរាមពាសវាលពាសកាលឡើយ ដើម្បីរក្សាសោភ័ណភាពភូមិ ឃុំរបស់ខ្លួនឲ្យស្អាតជានិច្ច។ 

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ២៥គីឡូក្រាម,មី១កេស,ត្រីខ ១០កំប៉ុង,ទឹកបរិសុទ្ធវីឃែរ១កេស,ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងជែល១ដបផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ