ឯកឧត្ដម ម៉ែន វិបុល បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២៥៥គ្រួសារ ក្នុងស្រុករមាសហែក
September 03, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃច័ន្ទ ០៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២៥៥គ្រួសារ រួមមាន ចាស់ជរា ៧៦គ្រួសារ ជនពិការ ៣៤គ្រួសារ ផ្ទុកមេរោគអេដស៍ ១៤គ្រួសារ កុមារកំព្រា ៦គ្រួសារ និងក្រីក្រ ១២៥គ្រួសារ មកពីឃុំទាំង១៦ ក្នុងស្រុករមាសហែក ។ ពិធីនេះ រៀបចំនៅបរិវេណទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាហេរញ្ញឹក សមាជិក សមាជិកាគណៈកម្មាធិការសាខា គណៈកិត្តិយសសាខា លោកនាយក នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលស្រុករមាសហែក ព្រមទាំងលោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក ជាច្រើនរូបទៀត ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមនៅថ្ងៃនេះ និងនៅក្នុងស្រុករមាសហែកទាំងមូល ដែលជានិច្ចកាលសម្ដេច លោកតែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង មិនថាជិត ឬឆ្ងាយនោះទេ បើទោះបីជាសម្ដេច លោកមិនបានអញ្ជើញមកដោយផ្ទាល់ ប៉ុន្តែលោកបានក្រើនរំលឹក ណែនាំ និងស្នើដល់សាខា អនុសាខាកាកបាទក្រហមកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែឧស្សាហ៍ចុះជួបជួយសង្គ្រោះ និងដោះស្រាយនូវបញ្ហារបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នៅពេលដែលបានដឹង ឮ និងទទួលព័ត៌មានថាមានបងប្អូនប្រជាពលរដ្ឋកំពុងជួបនូវការលំបាក ឆ្លើយតបទៅនឹងគោលគ្រឹះរបស់កាកបាទក្រហមកម្ពុជា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ។ ជាមួយនេះ ឯកឧត្ដមក៏បានបញ្ជាក់ថា ជាការពិតណាស់អំណោយមនុស្សធម៌នៅថ្ងៃនេះ គឺមានចំនួនតិចតួច ពិតមិនអាចបំពេញតាមតម្រូវការរបស់បងប្អូនជាយូរអង្វែង និងអចិន្ត្រៃយ៍បាននោះទេ ប៉ុន្តែក៏ជាចំណែកមួយសម្រាប់ជួយដោះស្រាយ និងទ្រទ្រង់ជីវភាពរបស់បងប្អូនបានមួយកម្រិត និងជាការលើកទឹកចិត្តគ្រួសារបងប្អូនរងគ្រោះ ក្រីក្រគ្មានទីពឹង ចាស់ជរា និងមានជំងឺប្រចាំកាយ ឲ្យមានកម្លាំងចិត្តឡើងវិញ កុំឲ្យតក់ស្លត់នូវអ្វីដែលបានកើតឡើង ហើយប្ដូរមកវិញនូវការខិតខំប្រឹងប្រែង ពុះពារ តស៊ូគ្រប់ឧបសគ្គ តទៅទៀត ព្រមទាំងបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះជារដូវភ្លៀង រដូវទឹកឡើង ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ លង់ទឹក សត្វអសិរពិសចឹក ឬខាំ និងបញ្ហាសុខភាពកូនចៅបណ្ដាលមកពីមូសខ្លាំខាំ ជាដើម ហើយក្នុងករណីមានបញ្ហាអ្វីកើតឡើង ក្នុងគ្រួសារ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីមានវិធានការចុះអន្តរាគមន៍ជួយដោះស្រាយឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ។ សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូននៅថ្ងៃនេះ សម្រាប់គ្រួសារនីមួយៗ ទទួលបាន អង្ករ ៣០គ.ក្រ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ត្រីខ ១០កំប៉ុង កន្ទេលជ័របត់ ១ ឃីត១កញ្ចប់ (មាន ៤មុខ គឺភួយ មុង សារុង និងក្រមា) រួមនិងថវិកាធ្វើដំណើរ ៤០.០០០រៀល ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ