ប្រជាពលរដ្ឋរងគ្រោះដោយជំនន់នៅស្រុកកំពង់លែង និងស្រុករលាប្អៀរ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម ខេត្តកំពង់ឆ្នាំង
August 31, 2018 អ្នកទស្សនា :

នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៣០ខែ សីហា ឆ្នាំ ២០១៨ ឯកឧត្តមឈួរ ច័ន្ទឌឿនប្រធានគណៈកម្មាធិការកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អមដំណើរដោយឯកឧត្តម ហ៊ី ណាត ឯកឧត្តម កែវ ពៅ និងសហការីបានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ នៅ ស្រុកកំពង់លែង និងស្រុករលាប្អៀរ។ ការចុះចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមនេះ គឺពេលព្រឹកឯកឧត្តមប្រធានកិត្តិយសសាខា និងសហការី បានចុះចែកជូនប្រជាពលរដ្ឋ ៥១គ្រួសារ ដែលមកពីឃុំផ្លូវទូក ១១គ្រួសារ ឃុំប្រឡាយមាស១០គ្រួសារ និងឃុំសំរោងសែន៣០គ្រួសា ក្នុងស្រុកកំពង់លែង ។ ចំណែកនៅពេលរសៀល ឯកឧត្តមរួមនឹងសហការី ក៏បានអញ្ជើញចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់៤៨គ្រួសារ គឺភូមិព្រែកសាលា ឃុំទឹកហូត ៤៥គ្រួសារ ភូមិកន្លែងភេ ឃុំគោកបន្ទាយ ៣ គ្រួសារ ស្រុករលាប្អៀរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមឈួរ ច័ន្ទឌឿនបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចចៅហ្វាវាំងគង់ សំអុលប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិតអ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារចុះជួយស្រុករលាប្អៀរ ឯកឧត្តមត្រាំ អ៊ីវតឹកប្រធានក្រុមការងារចុះជួយស្រុកកំពង់លែង ដែលកន្លងមកសម្តេច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទូទៅដោយមិនពូជសាសន៍និងនិន្នាការនយោបាយ ឬពណ៌សម្បុរឡើយ ។ ជាមួយគ្នានោះដែរ ក្នុងនាមឯកឧត្តមផ្ទាល់ និងក្នុងនាមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏បានថ្លែងចូលរួមរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារគ្រោះធម្មជាតិ។ ឯកឧត្តមបានបន្ដទៀតថា៖ កត្តាធម្មជាតិ គឺយើងមិនអាចទប់ស្កាត់វាមិនកើតមានឡើងបានទេ តួយ៉ាងដូចជាយើងមិនអាចឃាត់កុំឱ្យទឹកជំនន់ ខ្យល់ព្យុះ។ល។ ព្រោះនេះសភាវៈធម្មជាតិ ខែវស្សាត្រូវតែមានភ្លៀងធ្លាក់ ហើយបងប្អូនដែលនៅតាមដងទន្លេក៏គង់នឹងមានផលប៉ះពាល់ពីជំនន់ចៀសមិនផុត គ្រាន់តែមានកំរិតវាតែប៉ុណ្ណោះ។ ឯកឧត្តម ក៏បានថ្លែងបញ្ជាក់បន្ថែមទៀតថា៖ ឯកឧត្តម ពិតជាមានការចូលរួមសោកស្ដាយ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋានរបស់ខ្លួនរយៈពេល។ ដោយបងប្អូនភាគច្រើន គឺទៅស្នាក់នៅជាមួយញាតិ សាលោហិតរៀងៗខ្លួន។ តែទោះយ៉ាងណាក៏ដោយ ក៏អាជ្ញាធរស្រុក បានកំណត់ទីទួលសុវត្ថិភាពដែលមានបំពាក់ឧបករណ៍សម្ភារៈគ្រប់គ្រាន់បំពេញតម្រូវការប្រចាំថ្ងៃរបស់បងប្អូនរួចជាស្រេចហើយដែរ។ ជាងនេះទៅទៀតឯកឧត្តមក៏បានផ្តាំផ្ញើឱ្យបងប្អូនកូនក្មួយគ្រប់និន្នាការនយោបាយត្រូវប្រុងប្រយ័ត្នចំពោះបញ្ហានានាក្នុងដូវទឹកជំនន់នេះ ជាពិសេសក្មេងៗ ចាស់ជរា ស្រ្តីមានផ្ទៃពោះបើមានបញ្ហាផ្សេងៗគឺសូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដើម្បីរកចំណាត់ការដោះស្រាយជូនបងប្អូនឱ្យបានទាន់ពេលវេលា។ស្របគ្នានេះដែរ ជាគោលការណ៍របស់សម្ដេចតេជោ សំណូមពរឱ្យបងប្អូនមិនថាមាននិន្នាការគណបក្សនយោបាយណាមួយទោះជាបក្សប្រឆាំង ឬមិនប្រឆាំងក៏ដោយ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានក្នុងករណីជួបគ្រោះទឹកជំនន់ ជម្ងឺផ្សេងៗមានដូចជាជម្ងឺគ្រុនឈាមជាដើម។ ហើយកុំគិតថា ខ្លួនឯងហ្នឹងបក្សប្រឆាំង មិនហ៊ានទៅរាយការណ៍ជូនអាជ្ញាធរទេ សូមបងប្អូនកុំមានគំនិតអ៊ីចឹង។ មួយទៀត សូមបងប្អូនកុំជឿការឃោសនាពីក្រុមអគតិមួយចំនួន ដែលតែងតែដើរបំផុសបំផុលថា ឱ្យតែពួកនិន្នាការលើគណបក្សប្រឆាំង អាជ្ញាធរទុកបងប្អូនចោល មិនជួយដោះស្រាយបងប្អូននោះទេ។ ការគិតថាខ្លួនឯងនិន្នាការលើបក្សប្រឆាំង និងការដើរបំផុសបំផុលបែបនេះ គឺពិតជាខុសនឹងគោលការណ៍របស់សម្ដេចនាយករដ្ឋមន្ត្រី។ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់បន្ថែមដល់បងប្អូនដែលរងគ្រោះដោយទឹកជំនន់នៅខាងស្រុកកំពង់លែង ដោយរដូវកាលនេះ ជារដូវបិទនេសាទ សូមបងប្អូនកុំនេសាទប្រើឧបករណ៍ខុសនឹងច្បាប់ដែលកំណត់ឱ្យសោះ។ គូសបញ្ជាក់ដែរថា៖អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តដែលបានរងគ្រោះ៥១គ្រួសារក្នុងស្រុកកំពង់លែង និង៤៨គ្រួសារនៅស្រុករលាប្អៀរ ក្នុងមួយៗគ្រួសារទទួលបាន៖ អង្ករ ៣០គក មី១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ២០,០០០រៀល៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ