ឯកឧត្តម ម៉ែន វិបុល អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែង ៤គ.ម ចូលទៅកាន់រមណីយដ្ឋានប្រាសាទបាសាក់ ក្នុងស្រុកស្វាយជ្រំ
August 28, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ០២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំក្រុមការងារចម្រុះ ដោយមានការចូលរួមពីឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធនានាក្នុងខេត្ត លោកនាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងក្រុមប្រឹក្សាឃុំបាសាក់ អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែង ៤គ.ម ចូលទៅកាន់រមណីយដ្ឋានប្រាសាទបាសាក់ ស្ថិតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង  ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា ការស្ថាបនាផ្លូវបេតុងចូលរមណីយដ្ឋានប្រាសាទបាសាក់ ដែលបច្ចុប្បន្នបាននិងកំពុងដំណើរការសាងសង់សម្រេចបាន ប្រមាណជា ៦៥% នេះ គឺជាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍សម្រាប់គាំទ្រដល់ផែនការរបស់រដ្ឋបាលខេត្តក្នុងការអភិវឌ្ឍ និងកែច្នៃរមណីយដ្ឋានប្រាសាទបាសាក់ឲ្យក្លាយជាតំបន់ទេសចរណ៍ ស្របទៅនឹងស្ថានភាពអំណោយផលនៃទីតាំងតំបន់នេះដែលមានលក្ខណៈធម្មជាតិ និងប្រវត្តិសាស្រ្ត ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា ការស្ថាបនាផ្លូវចូលរមណីយដ្ឋាននេះគឺគ្រាន់តែជាគម្រោងទី១ប៉ុណ្ណោះមិនមែនជាគម្រោងចុងក្រោយនោះទេ ហើយគម្រោងជាបន្តគឺខេត្តនឹងរៀបចំកែលម្អ និងស្ថាបនាផ្លូវបន្ថែមទៀតទាំងក្នុងបរិវេណ និងនៅជុំវិញរមណីយដ្ឋាន ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរមកលេងកម្សាន្តនៅតំបន់នេះ ព្រោះថា បើទោះបីជាយើងបានរៀបចំ ឬក៏កែច្នៃឲ្យបានស្អាតល្អប្រកបដោយភាពទាក់ទាញយ៉ាងណាក៏ដោយ ប៉ុន្តែបើគ្មានផ្លូវ ឬក៏មានផ្លូវដែរតែពិបាកក្នុងការធ្វើដំណើរនោះ ក៏នឹងពុំមានអ្នកណាគេចង់មកលេងនោះដែរ ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ឯកឧត្ដមអភិបាលខេត្ត បានដាក់ចេញនូវផែនការក្នុងការកែច្នៃ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទបាសាក់នេះឲ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រ ក្នុងន័យអភិរក្សរក្សាការពារនូវទីតាំងវប្បធម៍ប្រវត្តិសាស្ត្រ ដែលដូនតាខ្មែរបានបន្សល់ទុកតាំងពីបុរាណកាលយូរលង់មកហើយឲ្យបានគង់វង្សផង និងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តផង ធ្វើយ៉ាងណាឲ្យតំបន់នេះក្លាយជាគោលដៅទេសចរណ៍ដ៏ចម្បងរបស់ខេត្ត ចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ