កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តស្វាយរៀង
August 24, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្តស្ដីទី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកតំណាងប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន រួមចំណែកធ្វើឲ្យខេត្ត រក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសនៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការការពារដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ឲ្យប្រព្រឹត្តទៅបានរលូន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា ទាំងក្នុងដំណាក់កាលឃោសនាបោះឆ្នោត ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត ពេលដឹកជញ្ជូនសន្លឹកឆ្នោត និងពេលប្រកាសលទ្ធផលបោះឆ្នោត ព្រមទាំងបានចូលរួមជាមួយរដ្ឋបាលខេត្តនៅក្នុងការដោះសា្រយបញ្ហាប្រឈម សំណើ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។ ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ៖ -ត្រូវបន្តខិតខំអនុវត្តតួនាទី ភារកិច្ចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានកាន់តែល្អប្រសើរថែមទៀត ។ -អាជ្ញាធរក្រុង ស្រុក ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ត្រៀមរៀបចំទីទួលសុវត្ថិភាព និងចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលមានទឹកជំនន់កើតឡើង ។ -មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តតាមដានអំពីស្ថានភាពការបង្កបង្កើនផលស្រូវរដូវវស្សារបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងត្រូវចាត់វិធានការត្រៀមបង្ការសត្វល្អិតបំផ្លាញដំណាំស្រូវ និងដំណាំផ្សេងៗ ក៏ដូចជាត្រៀមពូជស្រូវសម្រាប់ចែកជូនប្រជាពលរដ្ឋដែលអាចនឹងទទួលរងផលប៉ះពាល់បណ្ដាលមកពីគ្រោះធម្មជាតិ ។ -គ្រប់អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ ត្រូវបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត ។ -មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តតាមដានអំពីស្ថានភាពអាកាសធាតុ ទឹកភ្លៀង និងកម្ពស់ទឹកទន្លេក្នុងខេត្ត ដើម្បីមានវិធានការបង្ការការពារ ត្រៀមឧបករណ៍សម្ភារជាមុនឲ្យបានរួចរាល់ និងដោះស្រាយបានទាន់ពេលវេលានៅមានប្រធានស័ក្តិណាមួយកើតឡើង ។ -អាជ្ញាធរក្រុង ស្រុក និងគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវចុះដោះស្រាយនូវបញ្ហាដែលជាសំណូមពររបស់ប្រជាពលរដ្ឋ ទៅតាមសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ជាពិសេសបញ្ហាផ្លូវដែលរងផលប៉ះពាល់នៅក្នុងរដូវវស្សានេះ ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ