អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យមន្ត្រីជំនាញធ្វើការសិក្សានិងលើកជាគម្រោងដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រឡាយមេនិងប្រព័ន្ធលូនានាឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោតបានស្រកចុះ
December 02, 2021 អ្នកទស្សនា :

ភ្នំពេញ៖​ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យមន្ត្រីជំនាញធ្វើការសិក្សានិងលើកជាគម្រោងដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ប្រឡាយមេ បណ្ដាញលូជាដើមឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោតបានគំរាមកំហែងនិងធ្វើអោយខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនកាលពី១ខែមុននេះ និងដើម្បីបង្ការទប់ស្កាត់កុំអោយមានការគម្រាមកំហែងដោយជំនន់ទឹកស្ទឹងព្រែកត្នោតនេះនៅបណ្តាឆ្នាំក្រោយៗទៀត។

ការជំរុញបែបនេះរបស់​ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង ខណៈដែលលោក បានដឹកនាំមន្ត្រីជំនាញសាលារាជធានីនិងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅតាមបណ្ដា ប្រឡាយមេ ផ្លូវមួយចំនួននិងនៅតាមដងស្ទឹងព្រែកត្នោត និងតំបន់លិចទឹកក្នុងភូមិសាស្ត្រខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២ធ្នូ២០២១នេះ។

នៅព្រឹកថ្ងៃទី០២ធ្នូនេះ ឯកឧត្ដម ឃួង ស្រេង បានចុះពិនិត្យមើលស្ថានភាព ការដាក់លូនៅផ្លូវបេតុងចូលទៅបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រនិងភូមិសំបួរ សង្កាត់ដង្កោ។ ជុំវិញការចុះពិនិត្យទីតាំងនេះ ឯកឧត្ដម​អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យស្ថាបនាលូជាមុនសិន ស្ថាបនាផ្លូវតាមក្រោយដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើ។ គិតត្រឹមថ្ងៃទី០២ ធ្នូនេះ បើតាមមន្ត្រីជំនាញថា ការដាក់បណ្តាញលូ នៅផ្លូវបេតុងចូលទៅបឹងតាម៉ាតនេះ ការងារដាក់លូ ទំហំ១ម៉ែត្រ៥០គុណ២ម៉ែត្រ បានប្រវែង៤៥០ម៉ែត្រ ក្នុងប្រវែងសរុប៧២៩ម៉ែត្រ ស្មើ៦០%ហើយ។ ចំពោះកាងារដាក់លូ ទំហំ១ម៉ែត្រ ក្រមការងារដាក់លូបានប្រវែង១៩០ម៉ែត្រ/៩៩៦ម៉ែត្រ ស្មើនឹង១៥%។

បន្ទាប់មកទៀត ឯកឧត្ដម ឃួង ស្រេង ក៏បានចុះពិនិត្យ ស្ថានភាព ប្រឡាយជើងឯក ស្ថិតនៅក្នុងភូមិគំរៀង ក្នុងសង្កាត់ព្រៃវែង។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការដោះទឹកចេញពីផ្លូវជាតិលេខ៣ចូលមកបឹងជើងឯក ដែលមានប្រវែង ១២គីឡូម៉ែត្រ។ ពាក់ព័ន្ធនឹងប្រឡាយមេនេះ លោកឃួង ស្រេងបានស្នើអោយ មន្ត្រីជំនាញនៃមន្ទីរជំនាញលើកជាគម្រោងដើម្បីស្ថាបនាស្ពាន នៅក្នុងភូមិកំរៀងសង្កាត់ព្រៃវែងនេះ ដោយដាក់ទ្វាទឹកផងដែរ។ប្រឡាយនេះជាគម្រោងនិងធ្វើការស្ដារ អោយបានទទឹងពី១៥ទៅ១៦ម៉ែត្រ។ ឯកឧត្ដម ឃួង ស្រេងក៏បាន ចុះពិនិត្យស្ថានភាពផ្លូវមួយចំនួនទៀតនៅតាមបណ្ដោយស្ទឹងព្រែកត្នោតផងដែរ ដោយផ្លូវទាំងនេះ ត្រូវតែធ្វើការជួសជុលឡើងវិញនិងស្ថាបនាអោយបានធំនិងខ្ពស់ជាងមុន។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ស្ថានភាពទឹកព្រែកត្នោតពីមួយឆ្នាំទៅមួយឆ្នាំ កម្ពស់ទឹកចេះតែកើនឡើង ដោយសារមានការអភិវឌ្ឍច្រើននៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ដែលធ្វើឲ្យទឹកហូរចូលមកទឹកស្ទឹងព្រែកត្នោតតែមួយ។ដូច្នេះហើយទើបកំពស់ទឹកកើនឡើងជាលំដាប់។ ដោយហេតុនេះហើយ រដ្ឋបាលរាជធានីភ្នំពេញ និងលើកជាទំនប់តាមបណ្ដោយសណ្តរស្ទឹងព្រែកត្នោតនេះ ឲ្យបានខ្ពស់ជាងមុនធ្វើយ៉ាងណាទប់ស្កាត់ការលិចលង់អោយបាននៅឆ្នាំក្រោយៗទៀត៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ