ថ្ងៃព្រហស្បត្តិ៍ ៥រោជ ខែពិសាខ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានទទួលជួបជាមួយប្រតិភូរបស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដែលដឹកនាំដោយលោក ប៊ីណាត ភីលីប ជាជំនួយការទទួលការងារតំបន់អាស៊ី-អគ្នេយ៍ ដេីម្បីជជែកពិភាក្សាការងារបង្រ្កាបបទល្មេីសគ្រឿងញៀនឆ្លងដែន ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ថា ចំពោះបញ្ហាគ្រឿងញៀនកម្ពុជា បាននឹងកំពុងខិតខំប្រយុទ្ធប្រឆាំងតាមរយះផែនការយុទ្ធសាស្រ្តពហុវិស័យ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី៤ របស់រាជរដ្ឋាភិបាល បន្ទាប់ពីកម្ពុជាទទួលបានជោគជ័យក្នុងយុទ្ធនាការលេីកទី៣។
លោក ប៊ីណាត ភីលីប ជាជំនួយការ បានថ្លែងនូវការកោតសរសេីរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលេីការងារប្រឆាំងបទល្មេីសគ្រប់ប្រភេទពិសេសបញ្ហាគ្រឿងញៀន ដោយភាគីអូស្រ្តាលីនឹងបន្តជួយដល់កម្ពុជាលេីការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែននិងបង្ការទប់ស្កាត់ការចរាចរសារធាតុគីមីផ្សំ៕ គឹមអាន
ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន