សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។ យោងតាមសេចក្តីអំពាវនាវ កាលពីថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ស្តីពីការបង្ការ និងទប់ស្កាត់គ្រោះថា្នក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ សម្តេចក្រឡាហោម បានអំពាវនាវដូចខាងក្រោម៖
១-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ។
២-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំតម្លើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។
៣-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។
៤-ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។
៥-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
៦-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។
៧-មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។
៨-មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬធ្វេសប្រហែស។
៩-មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត និងត្រូវមានអ្នកបើកបរបម្រុងសម្រាប់ប្តូរវេន។
១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។
១១-ហាមការបាច់ទឹកលើអ្នកធ្វើដំណើរតាមដងផ្លូវ៕ គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា