នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងមន្រ្តីពាក់ព័ន្ធជាច្រើនផងដែរ។
គួររំលឹកថា ឆ្នាំ ២០១៨ កន្លងមកនេះគឺឆ្នាំទី១ដែលក្រសួងមហាផ្ទៃចាប់ផ្ដើមអនុវត្តថវិកាកម្មវិធីដំបូង ក្នុងនោះមានចំនួន១០ អង្គភាព ជាអង្គភាពថវិកាមិនផ្ទេរសិទ្ធិ ផ្នែកសន្តិសុខសាធារណៈចំនួន ៦ អង្គភាព និងផ្នែករដ្ឋបាលទូទៅចំនួន ៤ អង្គភាព។ ការចាប់ផ្ដើមអនុវត្តថវិកាកម្មវិធីជាការរួមចំណែកគាំទ្រគោលនយោបាយកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល សំដៅរៀបចំថវិកាដោយផ្អែកលើកម្មវិធីច្បាស់លាស់ តាមមាទិកា ជំពូកដោយរៀបចំបង្កើតរចនាសម្ព័ន្ធសកម្មភាព ធានាការប្រើប្រាស់ថវិកាចំគោលដៅតាមលំដាប់អាទិភាពដោយសន្សំសំចៃ តម្លាភាព និងប្រសិទ្ធភាពស្របតាមគោលបំណង គោលនយោបាយក្រសួងមហាផ្ទៃ។ ជាងនេះទៅទៀត អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុជាអង្គភាពស្នូលក្នុងការដឹកនាំអនុវត្តថវិកាកម្មវិធី ដោយបានសម្របសម្រួលសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញរយៈពេលខ្លីចំនួន ១១ លើក ដល់មន្ត្រីជំនាញទទួលបន្ទុកការងារហិរញ្ញវត្ថុ-គណនេយ្យ នៃបណ្ដានាយកដ្ឋាន-អង្គភាពចំណុះក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីពង្រឹងកម្រិតយល់ដឹង ពង្រីកសមត្ថភាពលើការប្រើប្រាស់ថវិកាជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមជាមួយនោះ បានបណ្ដុះបណ្ដាលស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្ដាលឆ្នាំ និងបានផ្សព្វផ្សាយផែនការលម្អិតសកម្មភាពដំណាក់កាលទី៣(MAP3) ប្រចាំឆ្នាំ ២០១៨ របស់ក្រសួងមហាផ្ទៃជូនបណ្ដាអង្គភាពនានា ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពរួមដំណាក់កាលទី៣ នៃកម្មវិធីកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្នុងរយៈពេល១ឆ្នាំកន្លងមកបានបង្ហាញថា ក្រោមការចង្អុលដឹកនាំដោយផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាផ្គត់ផ្គង់ភស្ភុភារ-ហិរញ្ញវត្ថុ រួមទាំងជំនាញពាក់ព័ន្ធមួយចំនួនទៀត ដែលស្ថិតក្នុងសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កិច្ចប្រតិបត្តិការនានាដែលស្ថិតក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ បានទាន់ពេលវេលា ប្រកបដោយតម្លាភាព គណនេយ្យភាព សន្សំសំចៃ ប្រសិទ្ធភាព និងភាពស័ក្កិសិទ្ធ។ ចំពោះការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ជាសេនាធិការជូនក្រសួងមហាផ្ទៃ បានខិតខំពង្រឹងសមត្ថភាពយល់ដឹងគ្រប់កម្រិត ទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញហិរញ្ញវត្ថុ នៅតាមបណ្តាអង្គភាពថវិកាចំណុះក្រសួងមហាផ្ទៃ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមអនុវត្តថវិកាកម្មវិធីដោយទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។
សូមបញ្ជាក់ផងដែរថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នាល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ៕ គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា