នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នាទីស្តីការក្រសួង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ ឯកឧត្តម OH Nak-young ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ព្រមទាំងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រធានបទសំខាន់ចំនួន២ត្រូវបានលើកមកពិភ្សាដែលក្នុងនោះរួមមានទី១-ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ថ្លែងអំណរគុណដល់សម្តេចក្រឡាហោម ក្នុងការជួយសម្របសម្រួល រៀបចំនូវការងារសន្តិសុខ យ៉ាងល្អប្រសើរ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ច កាលពីពេលថ្មីៗនេះ របស់ឯកឧត្តម MOON JAE-IN ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា។ ទី២-គឺការគ្រោងរៀបចំនូវដំណើរទៅទស្សនកិច្ចរបស់សម្តេចក្រឡាហោម ស ខេង នៅកាន់សាធារណរដ្ឋកូរ៉េ នៅពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម ផាត សុផានិត មានប្រសាសន៍ថា ឯកឧត្តមឯកអគ្គរដ្ឋទូត សម្តែងនូវការអរគុណចំពោះសម្តេចក្រឡាហោម ព្រមទាំងមន្ត្រីក្រោមឱវាទ ក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ ផ្តល់នូវការងារថែរក្សាសន្តិសុខ យ៉ាងល្អប្រសើរ ជូនដល់គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមកម្មវិធីដែលបានគ្រោងទុក ទាំងនៅក្នុងរាជធានីភ្នំពេញ និងទៅកាន់ខេត្តសៀមរាប។ ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា មានសេចក្តីរីករាយក្នុងការទទួលស្វារគមន៍ គណៈប្រតិភូជាន់ខ្ពស់ របស់សាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលតាមដំណើរទស្សនកិច្ចនេះ ពិតជាបានលើកកម្ពស់ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណៈរដ្ឋកូរ៉េអោយកាន់តែល្អប្រសើរផងដែរ។ ជាងនេះទៅទៀត សម្តេចបន្តថា នេះជាការកាតព្វកិច្ច របស់ក្រសួងមហាផ្ទៃ ជាពិសេសកងកម្លាំងនគរបាលជាតិកម្ពុជា ក្នុងការថែរក្សាសន្តិសុខជូនដល់គណៈប្រតិភូជាន់ខ្ពស់ របស់សាធារណរដ្ឋកូរ៉េ ដើម្បីបំពេញភារកិច្ចប្រកបដោយភាពជោគជ័យ។
ចំពោះប្រធានបទទី២ ឯកឧត្តម ផាត សុផានិត បានមានប្រសាសន៍បន្តថា ចំពោះគម្រោងដំណើរទស្សនកិច្ចរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅកាន់សាធារណរដ្ឋកូរ៉េ ឯកឧត្តម មានបំណងចង់ស្វែងយល់ អំពីការងារសន្តិសុខ ថែរក្សាសន្តិសុខ ការងារគ្រប់គ្រង់សណ្តាប់ធ្នាប់ នៅសាធារណរដ្ឋកូរ៉េ ជាពិសេសទៅលើ ការងារធំៗមួយចំនួន ដូចជាៈការប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ និងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ក៏ដូចជាការស្តារនីតិសម្បទារគ្រឿងញៀនជាដើម និងទី២ចង់ស្វែងយល់អំពី ដំណើរការគ្រប់គ្រង់ កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ របស់សាធារណរដ្ឋកូរ៉េ ក្នុងការធ្វើយ៉ាងណាផ្តល់សេវា សាធារណកាន់តែមានប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋ៕ គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា