នៅព្រឹកថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការងារបូកសរុបដកពិសោធន៍រយៈពេល៣ខែ(ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩) និងលើកទិសដៅការងារ៣ខែចុងក្រោយ (ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០១៩) ដើម្បីបញ្ចប់ឱសានវាទតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា លើការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំជាជនបរទេសអន្តោប្រវេសន្ត នាទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណ ពិសាខា អគ្គនាយករងអន្តោប្រវេសន៍ បានឡើងអានរបាយការណ៍ លទ្ធផលបូកសរុបការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំជាជនបរទេសអន្តោប្រវេសន្តតាមរាជធានី ខេត្ត រយៈពេល ០៣ខែ ចាប់ពីខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។
កិច្ចប្រជុំស្តីពីការងារបូកសរុបដកពិសោធន៍រយៈពេល៣ខែ និងលើកទិសដៅការងារ៣ខែចុងក្រោយ ដើម្បីបញ្ចប់ឱសានវាទរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារដកហូតឯកសាររដ្ឋបាលមិនប្រក្រតីដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងសុំជាជនបរទេសអន្តោប្រវេសន្តនេះ គឺផ្តោតលើចំណុចសំខាន់ៗមាន៖
១.លទ្ធផលការងារសម្រេចបាន ២.លទ្ធផលបូកសរុបពីដំបូង ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ៣.ចំនួនលេខដែលនៅសល់ប្រៀបនឹងស្ថិតិជំរឿនចុងក្រោយ ៤.ចំនួនតួលេខដែលនៅសល់ប្រៀបនឹងរបាយការណ៍រាជធានី ខេត្ត ៥. បញ្ហាប្រឈម និងការលំបាក ៦. ទិសដៅការងារ ៧. សំណូមពរ។
យោងតាមរបាយការណ៍នៃស្ថិតិជនបរទេសបែបអន្តោប្រវេសន្តកាន់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីបានដកហូតរយៈពេល ០៣ខែ មានចំនួន៣៥,៤៤១ឯកសារ ពីគ្រួសារជនបរទេសអន្តោប្រវេសន្តសរុបចំនួន ១៩,០១០គ្រួសារ។ ជនបរទេសបែបអន្តោប្រវេសន្តដែលបានដាក់ពាក្តសុំប្រកាសទទួលស្គាល់ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍រយៈពេល ០៣ខែ មានចំនួន ៧៥,៧៤០នាក់ ស្មើមនុស្សរួម ១១០,៥០៩នាក់ និងដាក់ពាក្យសុំប័ណ្ណស្នាក់នៅ ចំនួន ៥៨,១៩៨នាក់។ ជនបរទេសបែបអន្តោប្រវេសន្តកាន់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីនៅសល់មិនទាន់ដកហូត មានចំនួន៥០៩១ឯកសារ៕ មុនីរម្យ
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា