ក្រសួងមហាផ្ទៃ អំពាវនាវឲ្យបណ្តាសមាគម អង្គការមិនមែនរដ្ឋាភិបាល បំពេញកាតព្វកិច្ចតាមច្បាប់កំណត់ និង បន្តរួមសហការជាមួយរាជរដ្ឋាភិបាល បន្ថែមទៀត ក្នុងការអភិវឌ្ឍសង្គម​កម្ពុជាឲ្យកាន់តែរីកចំរើន
March 19, 2019    អ្នកទស្សនា :

     ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជំរុញឲ្យបណ្តាសមាគម អង្គការមិនមែនរដ្ឋាភិបាលបន្តរួមសហការជាមួយរាជរដ្ឋាភិបាលបន្ថែមទៀត ក្នុងការអភិវឌ្ឍ​សង្គម​កម្ពុជា​ឲ្យកាន់តែរីកចំរើន ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តនូវយុទ្ធសាស្រ្ត​គណ​នេយ្យ​ភាពសង្គម ដើម្បីពង្រឹងគណនេយ្យភាព របស់រដ្ឋបាលសាធារណៈរដ្ឋបាលថ្នាក់ក្រោម​ជាតិ​ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ ការបញ្ជាក់ដូច្នេះនៅក្នុងពិធីបើកសិក្ខាសាលាទិវាសង្គមស៊ីវិល នាសណ្ឋាគារកាំបូឌី​យ៉ាណា នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក  ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។

          ឯកឧត្តម ប៊ុន ហុន បានមានប្រសាសន៍បន្ថែមថា ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការភាព​ជា​​ដៃ​គូរ​វាង​រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយអង្គការ​សង្គម​ស៊ីវិល ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ ព្រមទាំងធ្វើ​សកម្ម​ភាព​​ឲ្យបានត្រឹមត្រូវស្របតាមបទប្ប​ញ្ញ​ត្តិនៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិត​បទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន និងលក្ខន្តិកៈរបស់ខ្លួនដែលបាន​តម្កល់ទុកនៅ​ក្រសួងមហាផ្ទៃ និងប្រកាន់ជំហរអព្យាក្រឹតចំពោះគ្រប់គណបក្ស​នយោបាយនៅព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តមបន្តថា​ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់សូមចូលរួមកិច្ចសហការ ព្រមទាំងផ្ដល់ទិន្នន័យសំណុំឯកសារពាក់ព័ន្ធនឹងការតម្កល់ និងការចុះបញ្ជីនៅក្រសួងមហាផ្ទៃទៅ​ក្នុងទម្រង់ទិន្នន័យ (សាលាកប័ត្រព័ត៌មាន)ជាមួយក្រុមការងាររបស់ក្រសួងមហាផ្ទៃ។ ឯកឧត្តម​បន្ថែមថា ក្នុងរយៈពេលកន្លងមក អង្គការសង្គមស៊ីវិល បានខិតខំប្រឹងប្រែងចូលរួមក្នុងដំណើរការ ភាពជាដៃគូប្រកបដោយបរិយាប័ន្នក្នុងគោលនយោបាយសកល ថ្នាក់តំបន់ និងថ្នាក់ក្រោមជាតិ ដូចជា​គោលការណ៍សកលស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) គោលនយោបាយ​របស់អាស៊ាន គោលនយោបាយស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា (CSDGs) គោលនយោបាយស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP )គោលនយោបាយស្ដីពី​កម្មវិធី​អនុវត្តដំណាក់​កាលទី3 (JP3) គោលនយោបាយស្ដីពីការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម (JSAF) និងគោលនយោបាយផ្សេងទៀត។

       សូមបញ្ជាក់ដែរថា អង្គការសង្គមស៊ីវិលទាំងក្នុងស្រុក និងបរទេសបានដើរតួនាទីយ៉ាង​សំខាន់​ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គមនៅតាមមូលដ្ឋានជនបទ និងសហគមន៍ដាច់ស្រយាល និង​ធ្វើសកម្មភាពនៅគ្រប់រាជធានីខេត្តក្នុងវិស័យសំខាន់សំខាន់ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ច សង្គម នៅ​ក្នុងប្រទេសកម្ពុជា។ អង្គការសង្គមស៊ីវិលក៏បានចូលរួមផងដែរ ក្នុងការតស៊ូមតិអោយមានកំណែរ​ទំរង់ជាតិដើម្បីលើកកម្ពស់សុខភាពការអប់រំ អភិបាលកិច្ច សិទ្ធិមនុស្ស ប្រព័ន្ធច្បាប់ សេវាសង្គម បរិស្ថាន សុខុមាលភាពស្ត្រី និងកុមារ។

      គួររំលឹកដែរថា ក្នុងការអនុវត្តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រហូតមកដល់​ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល​ក្នុងស្រុកមានចំនួន​សរុប ៥,៣៨៦ (ដែលក្នុងនោះសមាគមចំនួន ២,១៣៥ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣,២៥១)។ បន្ទាប់ពីច្បាប់នេះចូលជាធរមានគិតមកដល់ត្រឹមចំណុចខែកុម្ភះឆ្នាំ ២០១៩នេះ មាន​សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានសុំចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ មានចំនួនសរុប៧៨៨ (សមាគមចំនួន ៣៥៨ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៤៣០)៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ