សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចូលជួបសម្តែងការគួរសម
March 13, 2019    អ្នកទស្សនា :

      នារសៀលថ្ងៃពុធ ៨ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ ឯកឧត្តម George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

   សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន​កម្ពុជា សូមថ្លែងអំណរគុណសហភាពអឺរ៉ុប ដែលតែងតែផ្ដល់កិច្ចសហប្រតិបត្តិការ​ជួយប្រទេសកម្ពុជា​យ៉ាងច្រើននាពេលកន្លងមក។ សម្ដេចក្រឡាហោម​បានថ្លែងអំណរគុណ​សហភាពអឺរ៉ុបចំពោះ​ការគាំទ្រ​កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់ក្រសួងមហាផ្ទៃ ហើយសម្ដេចនៅតែជឿជាក់ថា សហភាព​អឺរ៉ុប​នឹងបន្តគាំទ្រការងារនេះទៀត ពិសេសក្នុងដំណាក់កាលដែលក្រសួងកំពុងផ្ទេរសិទ្ធិ អំណាច ទាំងធនធាន និងការទទួលខុសត្រូវឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ពាក់ព័ន្ធនឹងការរៀបចំវេទិកាពិគ្រោះយោបល់រវាង​រាជរដ្ឋាភិបាល និងសង្គមស៊ីវិល សម្ដេចក្រឡាហោម ស ខេង ក៏បាបង្ហាញការវាយតម្លៃខ្ពស់​ចំពោះការងារ​នេះដែរ ដោយសម្ដេចបានគូសបញ្ជាក់ថាតាមរយៈវេទិកាពិគ្រោះយោបល់នេះ រាជរដ្ឋាភិបាល និងសង្គម​ស៊ីវិល កាន់តែមានភាពជិតស្និតគ្នា ព្រោះបញ្ហានានាត្រូវបានដោះស្រាយជាមួយគ្នា។

     ឯកឧត្តម George Edgar បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានសេចក្ដីរីករាយ និងសូមថ្លែង​អំណរគុណសម្ដេច ដែលតែងតែផ្ដល់ការ​គាំទ្របេសកកម្ម​របស់ស្ថានទូតសហភាពអឺរ៉ុប ហើយសហភាព​អឺរ៉ុបពិតជាពេញចិត្តចំពោះការចូលរួមគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។​ ឯកឧត្តម​ បាន​សម្ដែង​ការអបអរសាទរចំពោះវឌ្ឍនភាពដ៏ឆាប់រហ័សរបស់កម្ពុជា ក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយឯកឧត្តមបានរំលឹកឡើងវិញថាអ្វីៗដែលកម្ពុជាកំពុងមានសព្វថ្ងៃនេះ មានភាពខុសគ្នាឆ្ងាយណាស់ បើធៀបនឹងប្រទេសកម្ពុជាកាលពីជាង២០ឆ្នាំមុន ដែលឯកឧត្តមធ្លាប់មកជាលើក​ដំបូងនោះ។​ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងកោតសរសើ និងអបអរសាទរចំពោះការរៀបចំវេទិកា​ពិគ្រោះយោបល់រវាងរាជរដ្ឋា​ភិបាល​ និង​សង្គមស៊ីវិល ពិសេសក្រសួងមហាផ្ទៃ ដែលបានដំណើរការកិច្ចពិគ្រោះយោបល់​ជាមួយក្រុម​អង្គការ​​សង្គម​ស៊ីវិល ដោយឯកឧត្តមកត់សំគាល់ថាវេទិកានេះ ធ្វើឲ្យភាគីទាំងពីរមានការយោគយល់​គ្នាបានច្រើនជាងមុន។ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏បាននាំសំណើររបស់ក្រុមអង្គការសង្គម​ស៊ីវិល​​មួយចំនួនជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ដែរ គឺក្រុមសង្គមស៊ីវិលបានស្នើរាជរដ្ឋាភិបាល​បង្កើនការ​ការពារធានធានធម្មជាតិ ពិសេសសត្វព្រៃ និងព្រៃឈើ និងសូមសម្ដេចជួយគាំទ្រដល់សង្គម​ស៊ីវិលដែលធ្វើការនេះបន្ថែមទៀតផង។​ សម្ដេចក្រឡាហោម ស ខេង បានឯកភាពទទួលយកសំណើរនេះ និងបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារ​អភិរក្សធនធាន​ធម្មជាតិ ហើយជាក់ស្ដែង ក្រសួងមហាផ្ទៃកំពុងដឹកនាំក្រុមការងារព្រាងសេចក្ដីស្នើវិសោធនកម្មច្បាប់​មួយចំនួនពាក់ព័ន្ធនឹងធនធានធម្មជាតិ ដើម្បីពង្រឹងការងារនេះឲ្យកាន់តែមានប្រសិទ្ធភាពបំផុត៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ