សម្តេចក្រឡាហោម ស ខេង ប្រកាសឲ្យបញ្ឈប់ជាបន្ទាន់ទៅដល់ឈ្មួញទុច្ចរិតទាំងអស់ ដែលកំពុងប្រើប្រាស់សកម្មភាពល្មើសរបស់ខ្លួនបង្កហានិភ័យ និងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ
March 12, 2019    អ្នកទស្សនា :

     សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសទៅ​ដល់​ឈ្មួញ​ទុច្ចរិតទាំងអស់ ដែលកំពុងប្រើប្រាស់សកម្មភាពល្មើសរបស់ខ្លួនបង្កហានិភ័យ និងប៉ះពាល់​ដល់សុខភាពរបស់ប្រជាពលរដ្ឋ ហើយក៏សូមបញ្ឈប់ការយកអំណាចទៅអន្តរាគមន៍បទល្មើស
នានា ដែលក្នុងនោះមានទាំងបទល្មើសផលិតផលក្លែងក្លាយនេះផងដែរ។

     សម្តេចក្រឡាហោមមានប្រសាសន៍បែបនេះក្នុងពិធីកម្ទេចផលិតផលក្លែងក្លាយ-ខុសច្បាប់ ចំនួន​ជាង ៧០តោននៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ​ ៧កើត​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០១៩ ដែលរៀបចំ​ដោយគណៈ​កម្មា​ធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​(គ.ប.ផ.ក)។

     សម្តេចក្រឡាហោម ស ខេង បានណែនាំដល់គណៈកម្មាធិការត្រូវតែរួម​គ្នាជាមួយស្ថាប័នជំនាញ​ពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ទប់ស្កាត់ផលិតផលក្លែងក្លាយដែលយើងទទួលទានប្រចាំថ្ងៃដូចជាៈ ថ្នាំពេទ្យ ចំណីអាហារ គ្រឿងបរិភោគ​នានា និងភេសជ្ជៈជាដើម ដែលអ្នកប្រើប្រាស់ និង​ទទួល​ទានគឺជាប្រជាពលរដ្ឋ រួមនឹងខ្លួនយើងទាំងអស់គ្នាផង ពីព្រោះវាបណ្តាលអោយខាតបង់ប្រាក់កាស  និងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ថែមទាំងអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់​អាយុជីវិតថែមទៀត​ផងដែរ។ សម្តេចក្រឡាហោម បានអំពាវនាវទៅដល់ប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់ស្រទាប់ រួមទាំង​វិស័យ​ឯកជន និងក្រុមហ៊ុនម្ចាស់ដើម នៃផលិតផលផងដែរ សូមចូលរួមជាមួយនឹងគណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្នុងការសហការ និងផ្តល់ព័ត៌មានអំពីប្រភពនៃការផលិត ការ​ចរាចរ ការចែកចាយនូវផលិតផលក្លែងក្លាយ ដើម្បីឈានទៅធ្វើការបង្រ្កាបឲ្យបានទាន់ពេលវេលា ។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងនានា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល​ក្លែងក្លាយក៏ត្រូវខិត​ខំ​អប់រំ ផ្សព្វផ្សាយ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករដើម្បីឲ្យបានយល់ជ្រួតជ្រាបអំពី ហានិ​ភ័យដែលបណ្តាលមកពីការប្រើប្រាស់ផលិតផលក្លែងក្លាយនេះផងដែរ។ សម្តេចក្រឡាហោមបន្តថា ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាអ្នកដឹកនាំផ្ទាល់​លើ​គណៈ​​​កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងក្រសួងពាក់ព័ន្ធដ៏ទៃទៀត បានរួមគ្នាយក​ចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបការធ្វើចរាចរផលិតផលក្លែងក្លាយនេះ។ សម្តេចក្រឡាហោមបន្ថែមថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងនានា គណៈកម្មាធិការប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ ក៏ត្រូវ ខិតខំអប់រំ ផ្សព្វផ្សាយ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ​ដើម្បីឲ្យបានយល់អំពីហានិភ័យដែលបណ្តាលមកពីការប្រើប្រាស់ផលិតផលក្លែងក្លាយ ។ ជាង​នេះទៅទៀត សមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក៏នឹងបន្តការខិតខំព្យាយាម និងរួមសហការ​គ្នា​ជាមួយគណៈកម្មាធិការក្នុងការ បង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់ផលិតផល​ក្លែងក្លាយដែល​កំពុង​ចរាចរ​​ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីថែរក្សាសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ស្រប​តាមយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

     សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៨កន្លងទៅ សមត្ថកិច្ចចម្រុះដឹកនាំដោយ គណៈកម្មាធិការប្រយុទ្ធ​ប្រឆាំង​ផលិតផលក្លែងក្លាយ​ បានធ្វើប្រតិបត្តិការ ចាប់ឃាត់នូវផលិតផលក្លែងក្លាយ-ខុសច្បាប់ ដែល​ផលិត ស្តុកទុក និងចែកចាយ បានចំនួន ២០ករណី  និងចុះបង្រ្កាបនៅនឹងទីតាំង ផ្ទាល់បាន ៨ករណី មានដូចជាៈ ករណី នាំចូល ចែកចាយ ផលិតផលគ្រឿងសំអាងក្លែងក្លាយ រំលោភច្បាប់កម្មសិទ្ធិបញ្ញា បង្ក្រាបទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយ-ខុសច្បាប់ បង្ក្រាបទីតាំងចែកចាយជីកសិកម្មក្លែង​ក្លាយ-​ខុសច្បាប់ បង្រ្កាបសិប្បកម្មផលិតទឹកខ្មេះ ទឹកសៀង ទឹកម្ទេស ទឹកស៊ីអ៊ីវ ខុសច្បាប់ បង្រ្កាបទីតាំង​សាច់​ប៉ាតេ មិនអនុលោមតាមច្បាប់ និងបង្រ្កាបសិប្បកម្មផលិតម្រេច និងកាហ្វេ ក្លែង​ក្លាយ-ខុស​ច្បាប់​ជាដើម៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ