សម្តេចក្រឡាហោម ស ខេង ស្នើរដ្ឋបាលថា្នក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ក្នុង​ការផ្តល់សេវាសាធារណៈ​ដល់​ប្រជាពលរដ្ឋ
February 28, 2019    អ្នកទស្សនា :

     សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានមានប្រសាសន៍​ស្នើ​ឲ្យ​ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវា​សាធារណៈដល់ប្រជាពលរដ្ឋ ដែលត្រូវមានលេខទូរស័ព្ទ និងបណ្ដាញណាមួយដើម្បីឲ្យពលរដ្ឋងាយស្រួល​ផ្ដល់ព័ត៌មានដែលពាក់​ព័ន្ធ​នឹងបញ្ហាប្រឈមនៅតាមមូលដ្ឋានរបស់ពួកគាត់ ពិសេសក្នុងស្ថានភាព​ដែលកម្ពុជាកំពុង​ទទួល​រងឥទ្ធិពលគ្រោះរាំងស្ងួត។
          សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញ​ជាអធិបតីក្នុងពិធីបិទសន្និបាត​បូកសរុប​លទ្ធផលការងារប្រចាំឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត​បាត់​ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ សម្តេចក្រឡាហោម បានលើកឡើងបន្ថែមថា ចំពោះដំណើរការអនុវត្តគោល​នយោបាល​វិមជ្ឈការ និងវិសហមជ្ឈការ នៅឆ្នាំ២០១៩ និង២០២០ រាជរដ្ឋាភិបាល​ត្រូវធ្វើឲ្យសម្រេចនូវកិច្ចការ​អាទិភាព៣ រួមមានទី ១ការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ទី២ការផ្ទេរបុគ្គលិក ពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ និងការកែទម្រង់រចនាសម្ព័ន្ធ ការគ្រប់គ្រងរដ្ឋបាលក្រុងស្រុក។ ជាង​នេះ​ទៅទៀត ការងារដោះស្រាយទំនាស់នៅតាមមូលដ្ឋាន ពិសេសទំនាស់ដីធ្លី ថ្នាក់ដឹកនាំ និង​អាជ្ញាធរទាំងអស់ ត្រូវប្រកាន់ខ្ជាប់គោលការណ៍យុត្តិធម៌ បញ្ចៀសឲ្យបាននូវការប្រើអំពើហិង្សា ពោល​គឺធ្វើយ៉ាងណាឲ្យពលរដ្ឋមើលមកឃើញថាអាជ្ញាធរមិនមានភាពលម្អៀង។​ សម្តេច​ ក្រឡាហោម​ ស​ ខេង​ ក៏បានមានប្រសាសន៍ដល់ការបំពេញការងាររបស់អាជ្ញាធរមូលដ្ឋាន ដែលមន្រ្តីរាជ​ការ​សាធារណៈ ត្រូវតែចៀសវាងដាច់ខាត ការយកមធ្យោបាយរដ្ឋ បំរើឲ្យបក្ស ឬបុគ្គលផ្ទាល់ខ្លួន ហើយ​ត្រូវ​បែងចែកឲ្យបានច្បាស់​លាស់រវាងការងារបក្ស និងការងាររដ្ឋ និងសម្រាប់ការងាររដ្ឋ គឺមិនត្រូវ​ប្រកាន់និន្នាការ ឬបក្សពួកឡើយ។
          ដោយឡែកចំពោះបញ្ហាគ្រឿងញៀន សម្តេចក្រឡាហោម បញ្ជាក់យ៉ាងច្បាស់ថា មិនត្រូវរង់ចាំ​ទាល់តែមានបទបញ្ជានោះទេ ពីព្រោះកម្ពុជាមានច្បាប់គ្រឿងញៀន និងមានគោលការណ៍​ណែនាំ​ពាក់​ព័ន្ធ​រួចអស់ហើយ ដូច្នេះត្រូវតែដាក់វិធានការណ៍ទប់ស្កាត់ និងលុបបំបាត់ឲ្យបាននូវ​បញ្ហាដែលនាំ​ឲ្យប៉ះពាល់អនាគតយុវជន និងសន្តិសុខសាធារណៈនេះ៕ គឹមអាន
          ដោយៈ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ