ថ្នាក់ដឹកនាំគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅសាធារណរ រដ្ឋកូរ៉េខាងត្បូង ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
February 26, 2019    អ្នកទស្សនា :

      ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅសាធារណរ រដ្ឋកូរ៉េខាងត្បូង  កាលពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២   ខែ កុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្ដមនាយឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ។

     ឯកឧត្ដមនាយឧត្ដមសេនីយ៍ និងគណៈប្រតិភូ បានចូលជួប ជាមួយលោក យ៉ាង ជីន យុង (Yang Jin Young ) នាយកស៊ើបអង្កេត និងស្រាវជ្រាវ នៃក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថនៃសា​ធារណរដ្ឋកូរ៉េ  ដោយនៅក្នុងជំនួបនោះភាគីទាំងពីរ កម្ពុជា-កូរ៉េ បានផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍អំពី​ស្ថានភាពដែលពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ និងឱសថក្នុងប្រទេសរបស់ខ្លួន  ជាពិសេសបញ្ហាដែល​ពាក់ព័ន្ធនឹងកង្វះសុវត្ថិភាព ដែលបណ្ដាលមកពីគ្រឿងឧបភោគបរិភោគ  ឱសថ និងគ្រឿងសំអាង​ក្លែងក្លាយ ខូចគុណភាព និងរំលោភកម្មសិទ្ធិបញ្ញា។ បន្ថែមពីលើនេះ ភាគីទាំងពីរ បានសន្យាថានឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យប្រយុទ្ធប្រឆាំងបទល្មើសផលិតផលក្លែងក្លាយ និងរំលោភកម្មសិទ្ធិបញ្ញា ដែលមានលក្ខណៈឆ្លងដែន ក៏ដូចជាបទល្មើសរំលោភលើម៉ាកយីហោល្បីៗ នៃផលិតផលគ្រឿងសំអាង របស់សាធារណរដ្ឋកូរ៉េផងដែរ។

       ជាកិច្ចបន្ត ឯកឧត្ដម នាយឧត្ដមសេនីយ៍ និងគណៈប្រតិភូ បានទៅទស្សនកិច្ចនៅស្នងការដ្ឋាននគរបាលក្រុងសេអ៊ូល ដោយបានជួបសំណេះសំណាលជាមួយលោក   ជុង ជីអ៊ីល (Jung Ji Il) នាយកស៊ើប​ការ នៃទីភ្នាក់ងារនគរបាលក្រុងសេអ៊ូល ដោយលោកបានធ្វើការរាយការណ៍ជូនគណៈប្រតិភូកម្ពុជា​អំពីបច្ចេកទេសក្នុងការតាមដាន ស៊ើបអង្កេត បង្រ្កាប និងធ្វើកោសល្យវិច័្ចយ បទល្មើសរបស់​នគរក្រុងសេអ៊ូល ។  ជាមួយគ្នានោះ គណៈប្រតិភូកម្ពុជាក៏បានស្នើសុំកិច្ចសហប្រតិបត្តិការពីសំណាក់ស្ថាប័ន​​នគរបាលក្រុងសេអ៊ូល ពាក់ព័ន្ធនឹងការស៊ើបអង្កេត និងបង្រ្កាបបទល្មើសនេះផងដែរ។ ជាងនេះទៅ​ទៀត ឯកឧត្ដម នាយឧត្ដម​សេនីយ៍ មៀច សុផាន់ណា    ក៏បានស្នើសុំឲ្យស្ថាប័ននគរបាលសាធារ​ណរដ្ឋកូរ៉េ តាម​រយៈស្នងការដ្ឋាននគរបាលក្រុងសេអ៊ូល បើកជាវគ្គបណ្ដុះបណ្ដាល និងបំពាក់បំប៉ននូវបច្ចេក​ទេសជំនាញ ដល់មន្រ្តីនគរបាល នៃ គ.ប.ផ.ក. ក្នុងការតាមដាន និងបង្រ្កាបបទល្មើសផលិត​ផលក្លែងក្លាយ និងខុសច្បាប់ ហើយក៏បានស្នើសុំជំនួយឧបត្ថម្ភផ្នែកសម្ភារៈ ដែលជំនួយដល់ការធ្វើកោសល្យវិច្ច័យលើវត្ថុតាងផងដែរ។ 

        ប្រតិភូកម្ពុជា ដែលដឹកនាំដោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ មៀច សុផាន់ណា ក៏បានសំណេះ​សំណាលជាមួយប្រធានសមាគមន៍ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមជ្ឈមណ្ឌលស្តានីតិសម្បទារអ្នកប្រើប្រាស់គ្រឿងញៀន នៃសាធារណរដ្ឋកូរ៉េ ដោយមជ្ឈមណ្ឌលបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការ​កសាងនូវមជ្ឈមណ្ឌលស្តានីតិសម្បទានសម្រាប់អ្នកញៀនថ្នាំមួយកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។ នាយឧត្តមសេនីយ៍ បានសន្យានឹងពាំនាំគំនិតផ្តួចផ្តើមនេះមក សម្តេចក្រឡាហោម ស ខេង ឧបនាយ​ក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យអំពីកាលានុវត្តភាពនៃគម្រោង ដែលបានស្នើឡើងដោយភាគីកូរ៉េមួយនេះ។

          គណៈប្រតិភូកម្ពុជា ក៏បានទៅទស្សនកិច្ច នៅរោងចក្រផលិតគ្រឿងសំអាងម៉ាកល្បីៗរបស់សា​ធារ​ណរដ្ឋកូរ៉េ  ដូចជា JAYJUN, AVON, COREANA, ELENSILIA, KIEHL’S ជាដើម នឹងបានស្នើសុំកិច្ចសហការពីសំណាក់រោងចក្រទាំងនោះដែលជាម្ចាស់ម៉ាកដើម នៃផលិតផលគ្រឿងសំអាង ជួយធ្វើការវិភាគ តាមរយៈមន្ទីរពិសោធន៍របស់ខ្លួន លើផលិតផលដែល គ.ប.ផ.ក. បង្រ្កាប និងរឹបអូសបានក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលសង្ស័យថាក្លែងក្លាយ និងរំលោភលើកម្មសិទ្ធិបញ្ញា នៃផលិតផលល្បីល្បាញទាំងនោះ៕ គឹមអាន

          ប្រភព៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ