រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ នៅតែចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូក្នុងការអភិវឌ្ឍ
February 26, 2019    អ្នកទស្សនា :

     ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែល​មានក្រសួងមហាផ្ទៃជាសេនាធិការ នៅតែចាត់ទុកអង្គការសង្គមស៊ីវិល ជាដៃគូក្នុងការអភិវឌ្ឍសង្គម ហើយសម្រាប់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦នេះបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងការជម្រុញអនុវត្តការងារអោយមានប្រសិទ្ធិភាពខ្ពស់។ 
        ឯកឧត្តមបានមានប្រសាសន៍ដូច្នេះក្នុងជំនួបជាមួយលោកស្រី Pauline TAMESIS ប្រធានអង្គការ UNDP ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀល​ថ្ងៃច័ន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការ​ក្រសួងមហាផ្ទៃ។ ឯកឧត្តមបានបន្តលើកឡើងថា ដើម្បីងាយស្រួលនៅក្នុងកិច្ចសហប្រត្តិបត្តិការរវាង​រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនាពេលខាងមុខ អង្គការសង្គមស៊ីវិលទាំងអស់គួរតែបង្កើតក្រុម​ការងារមួយជាតំណាងសម្រាប់ទំនាក់ទំនងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលអាចកើតមាន​ជាយថាហេតុជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាលដែលបានបង្កើតរួចហើយ។ ព្រមជាមួយគ្នានោះ​ដែរ ឯកឧត្តមបានសំណូមពរអោយ UNDP ជួយផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំគ្រប់គ្រងទិន្ន័យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា។
        លោកស្រី Pauline TAMESIS មានប្រសាសន៍ដែលថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហា​ផ្ទៃនាពេលកន្លងមក បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងាររបស់អង្គការសង្គមស៊ីវិល ហើយបាន​បង្កើតអោយមានវេទិការភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ហើយបានលេចចេញលទ្ធផលជាផ្លែផ្កាផងដែរ។ លោកស្រីបន្តថាក្នុងនាម UNDP បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយបច្ចេកទេសដល់ក្រសួងមហាផ្ទៃពាក់ព័ន្ធទៅនឹងកិច្ចការដែលពាក់ព័ន្ធទាំងនេះ។ លោកស្រីបានបន្ថែមថា វាពិតជាមានផលវិបាកលើការងារទំនាក់ទំនងជាមួយតំណាងអង្គការសង្គមស៊ីវិល និងបញ្ហាទិន្ន័យរបស់អង្គការសង្គមស៊ីវិលនេះ ប៉ុន្តែលោកស្រីនឹងយកបញ្ហាទាំងនេះទៅពិភាក្សាជាមួយបណ្តាសមាជិកនៅក្នុងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាទាំងអស់ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាទាំងឡាយដែលកំពុងជួបប្រទះនេះ៕ គឹមអាន
    ដោយ៖​ នាយកដ្ឋានព័ត៌វិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ