ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើឱ្យក្រសួង និងស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើចំនុច៦ជាសំខាន់
February 22, 2019    អ្នកទស្សនា :

          ឯកឧត្តម​ នាយឧត្តមសេនីយ៍ ​កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានស្នើសុំឱ្យថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពពាក់​ព័ន្ធដែលជាសមាជិក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសគណៈកម្មាធិការ​ទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវយក​ចិត្ត​ទុ​កដាក់ចំនុច៦ ជាសំខាន់ ដើម្បីជំរុញការងារការព្យា​បាល​ និងស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ទទួលបានប្រសិទ្ធភាព និងភាពជោគជ័យក្នុង​សកម្មភាពរបស់​អង្គភាពទាំងអស់។

        នៅក្នុងអង្គសិក្ខាសាលាស្តីពីការព្យាបាល​ និងស្តារនីតិសម្បទា​អ្នកញៀនគ្រឿងញៀន នាល្ងាចថ្ងៃ២១​ ខែកុម្ភះ​ ឆ្នាំ២០១៩​ នៅទីស្តីការក្រសួងសុខាភិបាល​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានស្នើសុំ អង្គភាពពាក់ព័ន្ធ ពិសេសគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនយកចិត្តទុកដាក់លើចំនុចសំខាន់ៗរួមមាន៖

ទី១. គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទា​អ្នកញៀនគ្រឿងញៀន គួររៀបចំផែនការសម្រាប់ការងារព្យាបាល និងស្តារនីតិសម្បទា ឱ្យបានច្បាស់លាស់ ពិសេសរៀបចំឯកសារគោលសំខាន់ៗ និងចាំបាច់នានា ដើម្បីធានាថា ការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មានលក្ខណៈពហុវិស័យ និងជាប្រព័ន្ធ ហើយគ្រប់ក្រសួង ស្ថាប័ន អង្គភាពជាសមាជិក និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីខេត្ត ចូលរួម និងទទួលខុសត្រូវ អនុវត្តឱ្យបានស៊ីសង្វាក់គ្នា និងឱ្យបានជាប្រចាំ ។

ទី២. ក្រសួង ស្ថាប័ន អង្គភាពជាសមាជិកគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ និងអនុវត្តទៅតាមតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ។

ទី៣.ពាក់ព័ន្ធនឹងទិន្នន័យ សូមគណៈកម្មាធិការទទួលការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ចាត់ចែង ពិនិត្យ និងកែសម្រួលបន្តទៀត ពិសេសរៀបចំឱ្យមានប្រព័ន្ធ និងវិធីសាស្រ្តច្បាស់លាស់ ដែលមានការទទួលស្គាល់ជាអន្តរជាតិ (ក្នុងពេលថ្មីៗនេះ ក្រសួងសុខាភិបាល និងដៃគូ បានសាកល្បងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកញៀនគ្រឿងញៀនតាមបច្ចេកវិទ្យាទំនើប គឺតាមរយៈផ្តិតមេដៃលើអេក្រង់ទូរស័ព្ទ ដែលមានកត់ត្រាទិន្ន័យរបស់អ្នកជំងឺ ។ បើពិនិត្យទៅឃើញថា ល្អ ហើយយើងអាចមានលទ្ធភាព យើងគួរប្រើប្រាស់ប្រព័ន្ធនេះ) ។ ជាមួយនេះ គួរធ្វើកាបណ្តុះបណ្តាលឱ្យបានដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យពួកគាត់បានយល់ដឹង និងចេះប្រមូល វិភាគ រក្សាទុក និងបញ្ជូនទិន្នន័យដែលមានលក្ខណៈត្រឹមត្រូវ អាចធ្វើជាមូលដ្ឋានសម្រាប់ការអនុវត្តការងាររបស់យើងឱ្យកាន់តែមានប្រសិទ្ធភាព ។

 ទី៤. អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ព្រោះថា មានតែមូលដ្ឋាននេះហើយ ដែលដឹងច្បាស់អំពីបញ្ហាដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ សូមសហការគ្នាឱ្យបានល្អជាមួយមន្រ្តី អនុវត្តច្បាប់ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យកាន់តែយល់ដឹងអំពីការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ធ្វើសកម្មភាពបំផុសឱ្យមានការស្ម័គ្រចិត្ត តាមរយៈការលើកទឹកចិត្ត ការអប់រំណែនាំ ហើយក្នុងករណីចាំបាច់ អាចអនុវត្តច្បាប់ដើម្បីជម្រុញឱ្យទៅទទួលយកការព្យាបាល និងស្តារនីតិសម្បទា គឺ មិនត្រូវទុកឱ្យពួកគាត់នៅបន្តប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានឡើយ ។

ទី៥. ស្នើសុំដល់ដៃគូពាក់ព័ន្ធ និងវិស័យឯកជន សូមបន្តចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីផ្តល់ការព្យាបាល និងស្តារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀន និងបន្តយកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តឱ្យបានត្រឹមត្រូវទៅតាមគោលណែនាំនានាដែលបានដាក់ចេញដោយគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដើម្បីធានាថា ការផ្តល់សេវារបស់យើងមានលក្ខណៈត្រឹមត្រូវទៅបទដ្ឋានបច្ចេកទេសទាំងផ្នែកច្បាប់ និងផ្នែកវេជ្ជសាស្រ្ត ហើយគោរពបាននូវសិទ្ធ និងផលប្រយោជន៍ផ្សេងៗរបស់អ្នកជំងឺ។

 ទី៦. ស្នើសុំដល់ភាគីមិត្តថៃ និងវៀតណាម ក៏ដូចជាសប្បុរសជន ភ្នាក់ងារអង្គការសហប្រជាជាតិ ដូចជា UNODC, WHO, UNAIDS​ Aids Care China ។ល។ ឱ្យពិនិត្យលទ្ធភាពក្នុងការជួយជាបន្តទៀត ទាំងលើការងារពង្រឹងសមត្ថភាពមន្រ្តីពាក់ព័ន្ធ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្ភារ បច្ចេកទេស ដើម្បីឱ្យការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជាកាន់តែមានប្រសិទ្ធភាពថែមទៀត៕ គឹមអាន

        ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ