នៅព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីក្បួនដង្ហែរសពសម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ ក្បួនដង្ហែរសពគឺចេញពីភូមិគ្រឹះសម្តេច នៅរុក្ខវិថីសម្តេចប៉ាន សង្កាត់បឹងរាំងខណ្ឌដូនពេញ តាមមហាវិថីព្រះនរោត្តមហើយដង្ហែរជុំវិញវិមានឯករាជ្យ ឆ្ពោះទៅកាន់ទីឈាបនដ្ឋានមុខវត្តបទុមវត្តីក្បែរព្រះបរមរាជវាំង ដើម្បីធ្វើពិធីបូជាសពទៅតាមប្រពៃណីជាតិ ដោយសម្តេចពញ្ញាចក្រី ហេងសំរិន ជាអ្នកផ្តល់ព្រះអគ្គីដល់សពសម្តេចវិបុលបញ្ញា៕នៅវេលាម៉ោងប្រមាណ៣-៤រសៀលថ្ងៃអាទិត្យនេះ ធាតុរបស់សម្តេចវិបុលបញ្ញា សុខ អាន នឹងត្រូវយកទៅបោះចូលទៅក្នុងទឹកទន្លេមុខព្រះបរមរាជវាំង ដើម្បីឲ្យវិញ្ញាណក្ខន្ធរបស់ សម្តេច បានទៅកាន់សុគតិភព និងឲ្យត្រជាក់ត្រជុំដូចទឹកទន្លេ៕