ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានផ្តល់កិច្ចសម្ភាសន៍ជុំវិញករណីបន្តការប្រើប្រាស់ឈ្មោះ សញ្ញាសម្គាល់ ( Logo ) និងរចនាសម្ព័ន្ធ នៃអតីតគណបក្សសង្រ្គោះជាតិ
January 25, 2019    អ្នកទស្សនា :

(សំណួរ) សូមជម្រាបសួ ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តើឯកឧត្ដមអាចបញ្ជាក់បានទេថា៖ ការបន្តប្រើប្រាស់ គ្រប់គ្រង និងដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ( ឈ្មោះ សញ្ញាសម្គាល់ “LOGO” និងរចនាសម្ព័ន្ធគ្រប់លំដាប់ថ្នាក់) ពីសំណាក់អតីតមន្រ្តីជាន់ខ្ពស់របស់អតីត​គណបក្ស​មួយនេះ តើបង្ហាញពីទង្វើល្មើសច្បាប់ឬទេ? ព្រោះថាឈ្មោះអតីតគណបក្សនេះត្រូវបានតុលាការកំពូល​រំលាយ​ចោល​តាមរយៈ​អំណាចសាលដីកាលេខ៣៤០ឆ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ដោយបិតផ្លូវ​តវ៉ា​រួចទៅហើយ?

(ចម្លើយ) ជាបឋមខ្ញុំសូមអរគុណចំពោះលោកអគ្គនាយកសារព័ត៌មាន Fresh News ដែលបានលើកជាសំណួរ​ ដែលពាក់ព័ន្ធនឹងការបន្តប្រើប្រាស់ គ្រប់គ្រង និងដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ( ឈ្មោះ សញ្ញាសម្គាល់ “LOGO” និងរចនាសម្ព័ន្ធគ្រប់​លំដាប់​ថ្នា​ក់​) ពីសំណាក់អតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សនេះជាបន្តបន្ទា​ប់ ជាពិសេសសេចក្តីប្រកាសព័ត៌មាន​ស្តីពី​លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅទីក្រុង Lowel សហរដ្ឋអាមេរិក។ ពាក់ព័ន្ធនឹងករណីនេះ ខ្ញុំសូមជម្រាបជូនសាធារណជន​ឲ្យបានជ្រាបថា គណបក្ស​សង្រ្គោះ​ជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល តាមអំណាចសាលដីកា​លេខ ៣៤០ឆ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបិទផ្លូវតវ៉ា ហើយក្នុងសាលដីកានោះ​បានហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ​អតីតថ្នាក់ដឹកនាំ​នៃអតីត​គណបក្សសង្រ្គោះជាតិ ១១៨នាក់។ នាពេលថ្មីៗនេះ មានព្រះរាជក្រឹត្យ​ផ្តល់នូវនីតិសម្បទាឡើងវិញដល់លោក គង់ គាំ និង​លោក គង់ បូរ៉ា ប៉ុន្តែអ្នកដ៏ទៃទៀត​នៅ​តែ​ស្ថិតក្នុងការ​ហាមឃាត់ធ្វើសកម្មភាពនយោបាយរបស់តុលាការកំពូលដដែល។ បន្ទាប់ពីទទួលបានសាលដីកា​តុលាការកំពូល ក្រសួង​មហាផ្ទៃ​បានលុប​ឈ្មោះគណបក្សនេះចេញពីបញ្ជីឈ្មោះ​គណបក្សនយោបាយដែល​តម្កល់​ទុកនៅក្រសួងមហាផ្ទៃ ស្រប​តាម​ច្បាប់ស្តីពីគណបក្សនយោបាយរួចហើយ តាំងពីពេលនោះមក។ ចំពោះ​ករណីដែលអតីតថ្នាក់ដឹកនាំ ឬ​បុគ្គលណាមួយនៅតែបន្ត​ប្រើប្រាស់ គ្រប់គ្រង ឬដឹកនាំគណបក្សនេះបន្តទៀត គឺជាទង្វើប្រព្រឹត្តល្មើស​ទៅនឹ​ង​​បទប្បញ្ញត្តិមាត្រា ៤២ថ្មី នៃច្បាប់ស្តីពី​គណបក្សនយោបាយ ត្រង់ចំណុច ទី២ ដែលចែងថា “បន្តគ្រប់គ្រង ឬដឹកនាំគណបក្សនយោបាយ​ដែល​តុលាការបានសម្រេចរំលាយជាស្ថាពរ”។ ករណី​នេះ អតីតថ្នាក់ដឹកនាំ​គណបក្ស​នេះ ឬបុគ្គលដែល​នៅតែ​បន្តប្រើប្រាស់ គ្រប់គ្រង និងដឹកនាំ​គណបក្ស​នេះ អាចនឹង​ត្រូវ​ពិន័យ​ជាប្រាក់ពី ១០.០០០.០០០ (ដល់លា​ន​​រៀ​ល) ដល់ ២០.០០០.០០០ (ម្ភៃលានរៀល) និង/ឬផ្តន្ទាទោ​ស​​ដាក់ពន្ធនាគារ​​ពី០១(មួយ)ខែ ដល់ ០១(មួយ)​ឆ្នាំ។
ដោយ៖ អគ្គនាយកដ្ឋានរដ្ឋបាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ