ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញជាអធិបតីដ៏​ខ្ពង់​ខ្ពស់ក្នុង​​ ពិធីប្រកាសចូលកាន់មុខតំណែង និងបំពាក់​ឋានន្តរ​ស័ក្តិ​ជូន​នាយនគរបាលជាតិ និងមន្រ្តី​រដ្ឋបាលស៊ីវិល នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ
January 25, 2019    អ្នកទស្សនា :

        នៅព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏​ខ្ពង់​ខ្ពស់​ប្រកាស​​ចូល​កាន់​មុខតំណែងមន្រ្តីរាជការ និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ នៃអគ្គលេខា​ធិការ​ដ្ឋាន ក្រសួង​មហា​ផ្ទៃ នាទីស្តីការក្រសួង។ ព្រមជាមួយគ្នានោះ ក៏មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ ឯកឧត្តម​ ​នាយឧត្តមសេនីយ៍ ប៉ោ​ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គលេខាធិការរង ថ្នាក់​ដឹក​នាំនាយកដ្ឋានចំណុះអគ្គលេខាធិការ​ដ្ឋាន​ និង​មន្រ្តីនគរបាលជាតិ ព្រមទាំងមន្រ្តី​រដ្ឋបាល​ស៊ីវិល​ប្រមាណ ២១០​រូបផងដែរ។ 

       ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានមាន​ប្រសាសន៍​ស្វាគមន៍ថា ផ្តើមចេញពីការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា និងការគ្រប់គ្រងដឹកនាំប្រកបដោយព្រហ្មវិហារធម៌របស់សម្តេចក្រឡាហោម​ ស​ ខេង ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញទឹកចិត្តមន្រ្តីគ្រប់ថ្នាក់នៃអគ្គលេខាធិការដ្ឋាន ឲ្យ​ខិត​ខំ​​​បំពេញ​​ការងារដោយមិនខ្លាច​នឿយហត់ក្នុងស្មារតី និងឆន្ទៈគាំទ្រយ៉ាងមុតមាំនូវគោលនយោបាយ គោល​​ការណ៍ វិធាន​ការ និងផែនការទាំងឡាយ ដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃបានដាក់ចេញ។ ឯក​ឧត្តមបន្តថា ផ្អែក​លើឆន្ទៈការងារ និងសមិទ្ធផល ស្នាដៃដែលសម្រេចបានថ្នាក់ដឹកនាំ និងមន្រ្តី​គ្រប់ថ្នា​ក់​​​​នៃអគ្គលេខា​ធិការ​ដ្ឋាន​ទាំង​នគរបាលជាតិ និង រដ្ឋបាលស៊ីវិល មានមោទនភាពក្រៃលែងដោយ​ទទួល​​បាននូវ​​ការលើកទឹកចិត្ត តាម​រយៈ​ការផ្តល់នូវគ្រឿងឥស្សរិយយស មេដាយការងារ ការប្រគល់​ភារកិច្ច តែងតាំងមុខដំណែងជាបន្តបន្ទាប់ ក្រោម​ការយកចិត្តទុកដាក់ និងប្រគល់សេចក្តីទុកចិត្តដោយព្រះ​មហា​ក្សត្រ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។

          ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ពិធីប្រកាស​​ចូលកាន់មុខតំណែងមន្រ្តីរាជការ និងបំពាក់ឋានន្តរស័ក្តិនាពេលនេះ គឺបានបញ្ជាក់ពីលទ្ធផលនៃការ​ខិត​ខំ​ប្រឹងប្រែង របស់មន្រ្តីរបស់យើង និងបានបង្ហាញពីការយកចិត្តទុកដាក់របស់​ប្រមុខរាជរដ្ឋាភិបាល​​​កម្ពុជា ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងអគ្គលេខាធិការដ្ឋាន ចំពោះមន្រ្តីដែលមានស្នាដៃ និងសម្រេច​ជោគ​ជ័យ​រាល់គ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តី​រាជការ​គ្រប់លំដាប់ថ្នាក់ ទាំងនគរបាលជាតិ និងរដ្ឋបាលស៊ីវិល នៃអគ្គលេខាធិការដ្ឋាន ដែលកន្លងមក​បាន​​ខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងឈ្លាសវៃ ហើយសម្រេចបាន​ស្នា​ដៃ​ធំៗជាច្រើន និងផែនការទាំងឡាយដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានប្រគល់ជូន។
         សូមបញ្ជាក់ថា នាយនគរបាលជាតិចំនួន ១០រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ឯក, នាយនគរបាលជាតិចំនួន ០៥រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ទោ, និងនាយនគរបាលជាតិ​ចំនួន​០៤រូប ត្រូវបំពាក់ឋានន្តរស័ក្តិថ្នាក់ជាឧត្តមសេនីយ៍ត្រី  ដោយឡែកនាយនគរបាលជាតិ និង​មន្រ្តី​រដ្ឋបាល​ស៊ីវិល​ចំនួន​០៦ ត្រូវបានប្រកាសអោយចូលកាន់មុខតំណែងនាព្រឹកនេះ៕គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ