ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ​ ជម្រុញដល់នគរបាល និងមន្ត្រីស៊ីវិល នៃអគ្គលេខាធិការដ្ឋាន បន្តពង្រឹងប្រសិទ្ធភាព ការងារឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ
January 25, 2019    អ្នកទស្សនា :

       ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍​ជម្រុញដល់​នាយ​នគរ​​​​បាល នាយនគរបាលជាន់ខ្ពស់ និងមន្ត្រីរាជការស៊ីវិល​ នៃអគ្គលេខាធិការដ្ឋានក្រ​សួងមហាផ្ទៃទាំងអស់ ត្រូវ​បន្តធ្វើយ៉ាង​ណា​ពង្រឹង​ប្រសិទ្ធភាពការងារឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ សំដៅចូលរួមសម្រេច​បេស​កម្មនៃ​ការអនុវត្ត​យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់​នីតិ​​កាល​ទី៦ នៃ​រដ្ឋសភា។ ឯកឧត្តមមានប្រសាសន៍បែបនេះ​​ ក្នុងពិធីប្រកាសចូលកាន់មុខ​តំណែងមន្រ្តី​រាជការ និងបំពាក់ឋានន្តរ​ស័ក្តិ​មន្រ្តីនគរបាលជាតិ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការ​ក្រសួង​មហា​ផ្ទៃ។

       ឯកឧត្តម សន្តិបណ្ឌិត បានបន្ថែមថា ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់ នៃអគ្គលេខា​ធិការ​ដ្ឋាន ត្រូវបន្តយកចិត្ត​ទុកដាក់អនុវត្តឲ្យបានពេញលេញប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុស​ត្រូវខ្ពស់ ទាំង​ក្នុងការងារ​សេនា​​ធិការ​ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងតួនាទីភារកិច្ចនៃការទទួលខុស​ត្រូវរបស់​ខ្លួន។ ឯកឧត្តម​បន្តថា ថ្នាក់ដឹកនាំគ្រប់ថា្នក់ គ្រប់ផ្នែកទាំងអស់ត្រូវខិតខំប្រឹង​ប្រែងឲ្យ​អស់​ពីលទ្ធ​ភាព សមត្ថភាព និង ឆន្ទៈ​ទៅតាម​តួនាទី និងភារកិច្ចរៀងៗខ្លួន ដើម្បីបង្ហាញពីភាពស័ក្តិ​សមទៅនឹងការ​ជឿ​ទុក​​ចិត្តរបស់រាជរដ្ឋាភិបាល ក្រសួង​មហាផ្ទៃ និងអគ្គលេខាធិការដ្ឋាន ហើយត្រូវជៀសវាងដាច់​ខាតនូវការ​យកតួនាទី​និងឋានន្តរស័ក្តិនេះ ទៅ​មប្រើ​ផលប្រយោជន៍ផ្ទាល់ខ្លួន ឬប្រព្រឹត្តអំពើល្មើសច្បាប់​ផ្សេងៗដែល​ផ្ទុយពីឆន្ទៈ និងបំណងរបស់រាជ​រដ្ឋាភិ​បាល ក្រសួង​មហាផ្ទៃ និងអគ្គលេខាធិការដ្ឋាន។ ឯកឧត្តមបន្ត​ទៀតថា ថ្នាក់ដឹកនាំ គ្រប់ថា្នក់ គ្រប់ផ្នែក ទាំងអស់ត្រូវ​យក​ចិត្តទុក​ដាក់គ្រប់គ្រងមន្រ្តីក្រោមឱវាទឲ្យបានល្អ ប្រកបដោយគុណធម៌ និងតម្លាភាព លើកកម្ពស់ការ​គោរព​វិន័យ សីលធម៌ វិជ្ជាជីវៈ និងភាពស្មោះត្រង់។ ទន្ទឹមនឹងនោះ ត្រូវខិតខំជម្រុញមន្រ្តីក្រោម​ឱវាទ​ឱ្យទទួលបានការ​បណ្តុះបណ្តាលគ្រប់គ្រាន់ ដើម្បីលើក​កម្ពស់​​​សមត្ថភាព ចំណេះដឹង និងបង្កើតទិន្នផលការងារ។ ជាមួយនេះ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ក៏ត្រូវយកចិត្តទុកដាក់ធ្វើការត្រួតពិនិត្យ និងពង្រឹងការផ្គត់ផ្គង់​មធ្យោ​បាយ សម្ភារបច្ចេកទេសឲ្យស្រប​តាម​​តម្រូវការរបស់អង្គភាពប្រតិបត្តិការផងដែរ។   
​​        ជាចុងបញ្ចប់ ឯកឧត្តមបានបញ្ជាក់ទៀតថា មន្រ្តីទាំងអស់ត្រូវខិតខំ​លើក​កម្ពស់កិច្ចសហការល្អ​ជាមួយ​ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពនានា​ចំណុះ​ក្រសូង​​មហាផ្ទៃ ក្នុងការអនុវត្តនូវបណ្តាគោល​ការណ៍ វិធានការ និងផែនការការងារនានា ដែល​រាជរដ្ឋា​ភិបាល និងក្រសូងមហាផ្ទៃបានដាក់ចេញ។ ជាងនេះទៅទៀត ឯកឧត្តម បាន​​ជម្រុញ​​លើកទឹកចិត្តដល់មន្រ្តី​ដែលមានគុណសម្បត្តិ ស្នាដៃឆ្នើម មានសមត្ថ​ភាព​ជំនាញ និងមានឆន្ទៈខ្ពស់ ក្នុងការអនុវត្តការងារ និង​ធ្វើការក្រើនរំលឹក ដាស់តឿន ហើយត្រូវដាក់​ពិន័យ​ចំពោះមន្រ្តីដែលមិនគោរពវិន័យ ការងារ អវត្តមាន ឬមាន​កំហុសឆ្គងខាងរដ្ឋបាល ដោយផ្អែកតាមលិខិតបទ​ដ្ឋាន​គតិយុត្តជាធរមាន៕គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ