សម្តេចក្រឡាហោម ស ខេង ជំរុញអោយក្រុមការងារគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរ
October 31, 2018    អ្នកទស្សនា :

     សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ជំរុញអោយក្រុមការងារទាំង៦ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបង្កើនកិច្ចសហប្រតិបត្តិការការងាររួមគ្នា ក្នុងការបំពេញភារកិច្ច ដើម្បីទទួលបានជោគជ័យកាន់ល្អប្រសើរបន្ថែមទៀត។

     សម្ដេចក្រឡាហោម ស ខេង បានលើកឡើងដូចនេះ ក្នុងកិច្ចប្រគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆមាសទី១ ឆ្នាំ២០១៨ នៅព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោមបន្តថា ក្រុមការងារទាំងអស់ត្រូវរៀបចំវិធីសាស្ត្រសម្រាប់បំពេញកិច្ចការអោយត្រូវតាមស្ថានភាពជាក់ស្តែង និងធ្វើយ៉ាងណាអោយមានភាពរលូន ដែលនឹងធ្វើអោយយើងទទួលបានលទ្ធផលកាន់តែមានប្រសិទ្ធភាពផងដែរ។

     លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា តាមរយៈការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងវិធានការ ៦ ចំណុចរបស់សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅតែជាត្រីវិស័យសម្រាប់តម្រង់ទិសការងារដែលនឹងធ្វើឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។ លោកជំទាវបន្តថា ក្រសួងស្ថាប័នពាក់ព័ន្ធនានាក្នុងរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយគោលការណ៍ផែនការ និងបទដ្ឋានការងារជាច្រើន ដើម្បីរួមគ្នាបង្កើន កិច្ចសហការ និងការឯកភាពគ្នាក្នុងការធ្វើប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះផងដែរ។ លោកជំទាវបន្ថែមថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅតែបន្តពង្រឹងកិច្ចសហការផ្ទៃក្នុង និងបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីឆ្ពោះទៅគោលដៅរួមការក្នុងការបង្ការទប់ស្កាត់ការការពារ និងបង្រ្កាបឈានទៅលុបបំបាត់អំពើជួញដូរមនុស្សគ្រប់រូបភាព។  លោកជំទាវ ក៏បានបញ្ជាក់ដែរថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងពង្រឹងការអនុវត្តច្បាប់ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព និងកេងប្រវ័ញ្ចកំលាំងពលកម្មជួញដូរផ្លូវភេទ ការដកហូតសរីរាង្គជួញដូរ ការនាំទារក និងកុមារឆ្លងដែន ការពពោះជំនួស និងការជួញដូរពលកម្មក្នុងឧស្សាហកម្មនេសាទផងដែរ៕​​ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ