ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតជូនអនុរដ្ឋមន្ត្រី ក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម
April 02, 2024    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម នៅទីស្តីការ ក្រសួងមហាផ្ទៃ ក្នុងឱកាស ឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០២៤ ។

ជាកិច្ចចាប់ផ្តើមនៃជំនួប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការស្វាគមន៍ ចំពោះ ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងថ្លែង អំណរគុណចំពោះ ឯកឧត្តម អនុរដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហការប្រតិបត្តិការប្រយុទ្ធ ប្រឆាំងបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន អំពើរត់ពន្ធ- ជួញដូរមនុស្ស និងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ជាដើម។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅ ក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងមហាផ្ទៃកកម្ពុជា នៅទីក្រុងដាណាំង ប្រទេសវៀតណាម កាលពី ថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២៤។

ជាការឆ្លើយតបឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង បានថ្លែង អំណរគុណចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម ចូលជួបសម្តែងការគួរសម និងបានពាំនាំការផ្តាំផ្ញើនូវពាក្យពេចន៍ជូនពរ ប្រកបដោយអត្ថន័យពី ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូល មកដល់នៅពេលខាងមុខនេះ។

ទន្ទឹមនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហការដ៏ល្អរវាងប្រទេសទាំងពីរ និយាយជារួម និងរវាងក្រសួងទាំងពីរ និយាយដោយឡែក ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នាពេលកន្លងមក។ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ក៏បានជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត និងថ្នាក់នាំក្រសួងមហាផ្ទៃ សូមមានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ។

មុននឹងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាថ្មីម្តងទៀតបានជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង និងគណៈប្រតិភូ សូមទទួលបាននូវផាសុខភាព និងជោគជ័យ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ