អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀបចំវគ្គបណ្តុះបណ្តាល តម្រង់ទិសគ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅថ្នាក់ក្រោមជាតិ
April 02, 2024    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំវគ្គ

បណ្តុះបណ្តាលតម្រង់ទិសគ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត សម្រាប់រៀបចំផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលមានអញ្ជើញការចូលរួមដោយ ឯកឧត្តម លោកជំទាវ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត លោក ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

និងមន្រ្តីជំនាញពាក់ព័ន្ធ ប្រមាណ២១៧រូប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានមានប្រសាសន៍ថា ស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ទាំងអស់ ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលតម្រង់ទិសគ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត សម្រាប់រៀបចំផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នាថ្ងៃនេះ ហើយសម្រាប់ការចូលរួមនេះដែរគឺបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីឆន្ទៈនៃការចូលរួម ការសហការ និងការយកចិត្តទុកដាក់របស់ក្រុមការងារ ក្នុងការគាំទ្រការអនុវត្តច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

ឯកឧត្តមបណ្ឌិត បានបន្តថា ការរៀបចំកម្មវិធីបណ្តុះបណ្តាលតម្រង់ទិសនេះឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោលថ្នាក់ជាតិ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, កសាងសមត្ថភាពគ្រូបង្គោលថ្នាក់រាជធានី ខេត្ត ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ស្របតាមការណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យបានចប់សព្វគ្រប់ក្នុងឆមាសទី២ ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត បន្ថែមទៀតថា សិក្ខាសាលានេះក៏នឹងជួយគាំទ្រដល់រដ្ឋបាលរាជធានីខេត្ត ក្នុងការបន្តផ្សព្វផ្សាយច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន, និងដើម្បីត្រៀមលក្ខណៈឱ្យបានល្អជាស្រេចក្នុងការអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលបានកំណត់ក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានពាក់ពន្ធ័ឱ្យមានប្រសិទ្ធភាពខ្ពស។ ទន្ទឹមជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដែលក្រុមការងាររបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្នុងពេលកន្លងមក ដែលក្នុងនោះរួមមាន៖ ករណីបុគ្គលមួយរូបមានអត្តសញ្ញាណលើសពីមួយ, ករណីលើកំហុសទិន្នន័យ, ករណីការប្រើប្រាស់ទិន្នន័យរួមគ្នា(បងប្អូនប្រើប្រាស់អត្តសញ្ញាណតែមួយ), ករណីកំហុសដោយមន្រ្តីជំនាញលើបញ្ហាបច្ចេកទេសក្នុងការបញ្ចូលទិន្នន័យអត្តសញ្ញាណ។ ជាមួយគ្នា ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ផងដែរ សិក្ខាសាលានេះដែរ ក៏នឹងធ្វើបទបង្ហាញនូវសេចក្ដីណែនាំថ្មីៗដែលក្រសួងមហាផ្ទៃបានសម្រេចដាក់ចេញឱ្យអនុវត្តនាខែមីនា ឆ្នាំ២០២៤ កន្លងទៅ ដែលក្នុងនោះរួមមាន សេចក្ដីណែនាំលេខ០១១សណន ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លើការអនុវត្តការងារអត្តសញ្ញាណកម្ម របស់ក្រសួងមហាផ្ទៃ និងសេចក្ដីណែនាំលេខ០០៦សណន ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ស្ដីពីបែបបទនីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន របស់ក្រសួងមហាផ្ទៃ។

ឯកឧត្តមបណ្ឌិត បានបន្តលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ បានធ្វើឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់និង ខ្លឹមសារនៃច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ព្រមទាំងទិសដៅជាអាទិភាព ដើម្បីធានាប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តច្បាប់ស្របតាមតួនាទីភារកិច្ចរបស់ស្ថាប័នពាក់ព័ន្ធនីមួយៗ។ ឯកឧត្តមបណ្ឌិត អគ្គនាយក ក៏បានយកឱកាសនេះ ស្នើដល់សិក្ខាកាមទាំងអស់ផ្តោតការយកចិត្តទុកដាក់ក្នុងការចូលរួមឱ្យបានផុលផុស ដើម្បីធានាឱ្យការបណ្តុះបណ្តាលតម្រង់ទិសនេះទទួលបានលទ្ធផលល្អ ដូចការគ្រោងទុក និងជាមូលដ្ឋានសម្រាប់រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់នេះ ជូនដល់មន្ត្រីអនុវត្តការងារ អង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សូមជម្រាបជូនផងដែរថា ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ និងប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រមលេខនស/រកម/០៧២៣/០០៩ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលមាន១២ ជំពូក និង១៨២មាត្រា។ ការដាក់ឱ្យអនុវត្តច្បាប់នេះដែរ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនើបកម្ម ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលអាចឆ្លើយតបកាន់តែល្អទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលកំណត់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលជាស្នូលមួយនៃយុទ្ធសាស្រ្តបញ្ចកោណ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីដល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ