ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកថ្នាក់ដឹកនាំក្រោមឱវាទមានភាពស្មោះត្រង់ក្នុងការធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រី និងការងារផ្សេងៗទៀត
February 26, 2024    អ្នកទស្សនា :

ក្នុងពិធីបិទសន្និបាត និងសម្ពោធសមិទ្ធផលនានានៅបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរម្លឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់អង្គភាពនគរបាលជាតិ ត្រូវមានភាពស្មោះត្រង់ និងមិនត្រូវបណ្ដែតបណ្ដោយឱ្យមានចន្លោះប្រហោងឬភាពឆកល្វែងកើតមានដោយងាយៗក្នុងយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនក៏ដូចជាការងារផ្សេងទៀតក្នុងវិជ្ជាជីវៈលើមន្រ្តីនគរបាលជាតិនោះឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំស្នងការដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ កុំឱ្យបិទបាំងករណីរកឃើញមន្រ្តីមានសារធាតុញៀន ឬមន្ត្រីប្រើប្រាស់គ្រឿងញៀន ដោយសារតែការទទួលបានផលប្រយោជន៍ ឬការយោគយល់ដល់មន្រ្តីជិតដល់អាយុចូលនិវត្តន៍ជាដើម។ ឯកឧត្តមក៏បានផ្ដាំផ្ញើកុំឱ្យមានការព្រួយបារម្ភខ្លាចបាត់មន្រ្តី ពីព្រោះក្រសួងនឹងផ្ដល់ចំនួនក្របខ័ណ្ឌថ្មីជំនួសឱ្យអ្នកចាស់ដែលបានបណ្ដេញចេញផងដែរ។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានមានប្រសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ ទាំងមន្រ្តីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ យកចិត្តទុកដាក់គោរពពេលវេលាបំពេញការងារឱ្យបានត្រឹមត្រូវ និងបានណែនាំឱ្យអគ្គនាយកដ្ឋានធនធានមនុស្សអនុវត្តគ្រប់យន្តការ និងមធ្យោបាយ ដើម្បីធានាថាមន្រ្តីទាំងអស់ពិតជាបានមកបំពេញការងារត្រឹមត្រូវ ស្របតាមច្បាប់ និងគោលការណ៍របស់អង្គភាព។ ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានកោតសរសើរចំពោះសមិទ្ធផលទាំងឡាយ ជាពិសេសលទ្ធផលនៃការបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិ ដែលបណ្ឌិត្យសភានគរបាលកម្ពុជាសម្រេចបាន ដោយបានគូសបញ្ជាក់ទៀតថា សមិទ្ធផលនេះ ក៏ដូចជាសមិទ្ធផលជាតិផ្សេងទៀត សុទ្ធតែអាចកើតឡើងបានដោយសារកត្តាសុខសន្តិភាព និងភាពប៉ិនប្រសប់នៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ទៀតថា ឈរលើមរតកនៃសមិទ្ធផលជាតិជាប្រវត្តិសាស្ត្រនេះ

នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា ក្រសួងមហាផ្ទៃនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រដល់កម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យបានគ្រប់គ្រាន់ ក្នុងជួរកងកម្លាំងនគរបាលជាតិ ឱ្យមានសមត្ថភាពនិងជំនាញវិជ្ជាជីវៈពិតប្រាកដ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរជូនជាតិ និងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ