ឯកឧត្តម ប្រាក់ សំអឿន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយកាអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ
February 22, 2024    អ្នកទស្សនា :

នៅរសៀលថ្ងៃព្រហស្បតិ៍ទី ២២ ខែកុម្ភៈឆ្នាំ ២០២៤ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ នាទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងសមាជិក សមាជិកានៃអង្គពិធីប្រមាណជា ៤៦០ នាក់។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាក្នុងនាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាមឯកឧត្តមផ្ទាល់ សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសមន្ត្រីនៃក្រុមការងាររបបសន្តិសុខសង្គម ដែលអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលនយោបាយ និងខិតខំប្រឹងប្រែងអនុវត្តនូវការងាររបបសន្តិសុខសង្គមបានល្អប្រសើរ លើផ្នែកថែទាំសុខភាពចំពោះអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា របបសន្តិសុខសង្គមមានប្រព័ន្ធ៤សំខាន់ៗ រួមមាន៖ ១-ប្រព័ន្ធកម្មវិធីឆ្លើយតបទៅនឹងការសង្គ្រោះបន្ទាន់, ២-ប្រព័ន្ធជំនួយសង្គម, ៣- ប្រព័ន្ធកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ៤- ប្រព័ន្ធ សុខមាលភាពរបស់ប្រជាពលរដ្ឋ។ ហើយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកនៅក្នុងបន្ទុកសមាជិកជាមន្ត្រីសាធារណៈគឺជាគោលនយោបាយ អាទិភាពមួយរបស់រាជរដ្ឋាភិបាលដែលបានផ្ដល់ផលប្រយោជន៍គ្រប់យ៉ាងនៅក្នុងបន្ទុកសមាជិក​ប.ស.ស ព្រមទាំងសហព័ន្ធនៅក្នុងបន្ទុករបស់មន្ត្រីសាធារណៈដែលពួកគាត់អាចទៅប្រើប្រាស់សេវាព្យាបាលថែទាំវេជ្ជសាស្ត្រនៅតាមមូលដ្ឋានសុខាភិបាល ដែលជាដៃគូជាមួយ ប.ស.ស តាមរយៈការប្រើប្រាស់ប័ណ្ណ ប.ស.ស ផងដែរ។ ឯកឧត្តមបន្តទៀតថា កម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយរលូនលុះត្រាតែមានការចូលរួម សហការ គាំទ្រ ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការសាធារណៈគ្រប់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ជាពិសេសការគាំទ្រពីប្រជាពលរដ្ឋគ្រប់រូបទូទាំងប្រទេស ដើម្បីជំរុញប្រព័ន្ធរបបសន្តិសុខសង្គមឲ្យកាន់តែរឹងមាំនិងមានប្រសិទ្ធភាពខ្ពស់។​

សូមបញ្ជាក់ផងដែរថា កម្មវិធីផ្សព្វផ្សាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកនៅក្នុងបន្ទុកសមាជិកជាមន្ត្រីសាធារណៈនិងមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃ គឺមានគោលបំណងដើម្បីកំណត់អំពីភាគទាន និងការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលបានចែងក្នុងមាត្រា ៧ និងមាត្រា ២៥ នៃអនុក្រឹត្យលេខ ២៨០ អនក្រ .បក ចុះថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០២៣ ស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការនិងអតីតយុទ្ធជន ៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ