គណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា អញ្ជើញចូលរួមក្នុងវេទិកាបច្ចេកវិទ្យាព័ត៌មានអឺរ៉ុប-អាស៊ី ស្តីពី "អធិបតេយ្យភាពឌីជីថលជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរយៈពេលវែង" ដែលមានបណ្តាប្រទេសជាសមាជិកបានចូលរួម និងរៀបចំដោយក្រសួងអភិវឌ្ឍន៍ឌីជីថលទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ នៃសហព័ន្ធរុស្ស៊ី ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២១ ខែកុម្ភ: ឆ្នាំ២០២៤ នៅទីក្រុងមូស្គូ នៃសហព័ន្ធរុស្ស៊ី។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម សិរីវុឌ្ឍ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបានឡេីងធ្វេីបទអន្តរាគមន៍ចែករំលែកនូវបទពិសោធ និងស្ថានភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្តីពី៖
១. ស្ថានភាពនៃការប្រើប្រាស់ និងការអភិវឌ្ឍន៍បបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា
២. សន្តិសុខ និងបទល្មើសបច្ចេកវិទ្យា
៣. ឯកសារច្បាប់ និងបទដ្ឋានគតិយុត្ត ស្តីពីបច្ចេកវិទ្យាឌីជីថល
៤. ការលេីកកំពស់សុវត្ថិភាពឌីជីថល កិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជីថល និងភាពអំណោយផលក្នុងការវិនិយោគនៅកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ក៏បានបង្ហាញអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាផ្តោតលេីការកសាងច្បាប់គតិយុត្តពាក់ព័ន្ធ ការអនុវត្តសកម្មភាពបង្កាបង្ក្រាប និងការផ្សព្វផ្សាយអប់រំ៕
ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ