ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអ្នកគ្រប់គ្រងធនាគារពិភពលោក ពេញចិត្តកិច្ចសហប្រតិបត្តការនៅកម្ពុជា រួមទាំងជាមួយក្រសួងមហាផ្ទៃ.
February 19, 2024    អ្នកទស្សនា :

ជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Maryam Salim អ្នកគ្រប់គ្រងរបស់ធនាគារពិភព​លោកប្រចាំប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៤នេះទីស្ដីការក្រសួងមហាផ្ទៃ ភាគីទាំងពីរ

បានវាយតម្លៃជាវិជ្ជមាន និងបានបង្ហាញការពេញចិត្តដូចៗគ្នាចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌជារួមនៅកម្ពុជា និងដោយឡែកជាមួយក្រសួងមហាផ្ទៃក្នុងរយៈពេលជាងបីទស្សវត្សកន្លងមក។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់ ធនាគារពិភពលោកដល់កម្ពុជា លើគម្រោងអប់រំ សុខភាព និង អាហារូបត្ថម្ភ ផ្លូវថ្នល់ ការលើកកម្ពស់ជីវភាពរស់នៅ ការធ្វើពិពិធកម្មកសិកម្ម ការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ការផ្គត់ផ្គង់ទឹក និងអនាម័យ ការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ និងការផ្តល់សេវាកម្រិតសហគមន៍ ដែលបានរួមចំណែកយ៉ាង ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា រហូតទទួលបានផ្លែផ្កាដូចពេលបច្ចុប្បន្ននេះ។

នាឱកាសនោះដែរ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា និងធនាគារពិភពលោកក្នុងគម្រោងមួយចំនួន ដែលក្នុងនោះរួមមានការចូលរួមពីក្រសួងមហាផ្ទៃផងដែរ ដូចជា គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រដែលទើបបញ្ចប់នាពេលថ្មីៗនេះ, ការងារគណនេយ្យភាពសង្គម គម្រោងអាហារូបត្ថម្ភ ព្រមទាំងគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកផងដែរ។

លោកស្រី Maryam Salim បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត នូវការកោតសរសើរឥតឈប់ឈរពីសំណាក់ ធនាគារពិភពលោក ចំពោះការដឹកនាំរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងគម្រោងទាំងឡាយកន្លងមក។ ភាគីទាំងពីរក៏បានអបអរសាទរនូវវឌ្ឍនភាព និងលទ្ធផលប្រកបដោយផ្លែផ្កា ព្រមទាំងរំពឹងទុកថាកិច្ច សហប្រតិបត្តិការរវាងភាគីទាំងពីរនឹងបន្តផ្តល់លទ្ធផលប្រសើរជាងនេះ នាពេល ខាងមុខបន្តទៀត។

ក្នុងន័យនេះ ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាអំពីការពិនិត្យលទ្ធភាពផ្តួចផ្តើមគំនិតថ្មីៗទៀតទៅលើវិធានការនានា ដែលនឹងផ្តល់ផលប្រយោជន៏ដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងវិស័យអប់រំ វិស័យសុខុមាលភាព កិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការ ព្រមទាំងបន្តអនុវត្តគម្រោងដែលនៅសេសសល់ ឱ្យបានចប់សព្វគ្រប់តាមការគ្រោងទុកផងដែរ៕

ដោយ៖​ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ