ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាមួយទីម័រខាងកើត.
February 19, 2024    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញបំណងចង់ឱ្យភាគីទាំងពីរ កម្ពុជា-ទីម័រខាងកើត

បង្កើតអនុស្សរណៈក្នុងវិស័យសន្តិសុខ និងមានការផ្លាស់ប្តូរបទពិសោធន៍រវាងនគរបាលនៃប្រទេសទាំងពីរ ក្នុងគោលបំណងកសាងធនធាននគរបាលអោយកាន់តែមានសមត្ថភាពបន្ថែមទៀត។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញបំណងបែបនេះក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម អុីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នារសៀលទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ។​

ក្នុងជំនួបនេះដែរ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង និងបានបង្ហាញគោលជំហរដូចគ្នាក្នុងការទាមទារជាចាំបាច់នូវកិច្ចការសហប្រតិបត្តិការខ្ពស់ ដើម្បីប្រឆាំងបញ្ហានេះក្នុងតំបន់។ ភាគីទាំងពីរ ក៏សង្ឃឹមយ៉ាងមុតមាំថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងបន្តរីកចម្រើន ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរផងដែរ។

ដោយឡែកក្នុងក្របខ័ណ្ឌនយោបាយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្ដែងនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី និងបានថ្លែងអំណរគុណដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ទីម័រខាងកើត។

ឯកឧត្តម អុីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតទីម័រខាងកើត ក៏បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជឿជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃកម្ពុជានឹងបន្តរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជន នៃប្រទេសកម្ពុជា។

បន្ថែមលើសពីនេះក្នុងក្របខ័ណ្ឌអាស៊ានវិញ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអបអរសាទរចំពោះប្រទេសទីម័រខាងកើត ដែលត្រូវបានថ្នាក់ដឹកនាំអាស៊ានឯកភាពជាគោលការណ៍ឱ្យប្រទេសទីម័រខាងកើតក្លាយជាសមាជិក ទី១១ របស់អាស៊ាន កាលពីក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ដែលស្ថិតក្នុងអាណត្តិជាប្រធានអាស៊ានរបស់កម្ពុជា ក្នុង ឆ្នាំ២០២២ កន្លងមក៕

ដោយ៖​ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ