ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យលើខ្លឹមសារព្រាង នៃប្រធានបទ «ការលើកកម្ពស់ប្រសិទ្ធភាពការងារបច្ចេកវិទ្យាឌីជីថល»
February 16, 2024    អ្នកទស្សនា :

នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យលើខ្លឹមសារព្រាង នៃប្រធានបទ «ការលើកកម្ពស់ប្រសិទ្ធភាពការងារបច្ចេកវិទ្យាឌីជីថល» ដើម្បីត្រៀមលក្ខណៈក្នុងកិច្ចពិភាក្សាជាក្រុមក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នាពេលខាងមុខ។ កិច្ចប្រជុំពិភាក្សានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក និងអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងថ្នាក់ដឹកនាំដែលជាសមាជិកនៃក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានលើកឡើងថា កិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីរួមគ្នាពិនិត្យលើខ្លឹមសារព្រាងសម្រាប់កិច្ចពិភាក្សាជាក្រុម ក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយផ្ដោតលើប្រធានបទដែលពាក់ព័ន្ធផ្ទាល់នឹងសមត្ថកិច្ច និងទំនួលខុសត្រុវផ្នែកឌីជីថលក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា កន្លងមក ដោយពិនិត្យមើលឃើញពីតម្រូវការចាំបាច់ និងភាពរីកចម្រើនផ្នែកគមនាគមន៍បច្ចេកវិទ្យា ក្នុងក្របខណ្ឌបំពេញការងាររបស់អង្គភាពនីមួយៗ ក្រសួងរៀបចំ បង្កើតឱ្យមានក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ ដើម្បីបង្កើននូវប្រសិទ្ធភាព លំហូរការងារ និងការផ្ដល់សេវាសាធារណៈ ពីតាមលក្ខណៈប្រពៃណី ទៅជាតាមប្រព័ន្ធឌីជីថល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានលើកឡើងថា ប្រធានបទពិភាក្សាលើការលើកកម្ពស់ប្រសិទ្ធភាពការងារបច្ចេកវិទ្យាឌីជីថលនេះ មានលក្ខណៈស្របតាមយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ហើយជាពិសេសគឺជាការផ្សារភ្ជាប់ទៅនឹងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍បានជំរុញឱ្យក្រុមការងារជំនាញរួមគ្នាចូលរួមជាមតិយោបល់ និងធាតុចូលបន្ថែម ដើម្បីសម្រេចបានជាខ្លឹមសាររួមដែលគ្រប់ជ្រុងជ្រោយ ច្បាស់លាស់សម្រាប់ជាឯកសារគោលក្នុងកិច្ចពិភាក្សាជាក្រុមក្នុងពិធីសន្និបាត នាពេលខាងមុខ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ