ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចង្អុលដឹកនាំឱ្យអភិបាលរដ្ឋបាលរាជធានី-ខេត្ត បង្ក្រាបទីតាំងបញ្ចាំ និងទីតាំងលេងល្បែងផ្សងសំណាងខុសច្បាប់.
February 15, 2024    អ្នកទស្សនា :

បន្ទាយមានជ័យ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ប្រកបដោយភាពម៉ឺងម៉ាត់ថា ត្រូវបង្ក្រាបឱ្យអស់នូវទីតាំងបញ្ចាំខុសច្បាប់ និងទីតាំងល្បែងផ្សងសំណាងឬឡូតូខុសច្បាប់ ដែលមាននៅគ្រប់ភូមិ ឃុំ សង្កាត់។ ឯកឧត្តមអភិសន្តិបណ្ឌិត បា​នថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលបានរៀបចំនៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ។ ហើយនេះជាការរម្លឹកបន្ថែមពីលើអ្វីដែលឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំដោយផ្ទាល់កាលពីថ្ងៃម្សិលមិញផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិតបា​នទទួលស្គាល់ថា នៅក្នុងនីតិកាលទី៦កន្លងទៅ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិតជាមិនបានព្រងើយកន្តើយចំពោះបញ្ហាទាំងនេះមែន ប៉ុន្តែឯកឧត្តមសម្គាល់ឃើញថា វិធានការដែលបានធ្វើកន្លងមកមិនទាន់មានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយនៅឡើយ ពោលគឺក្រុមជនទុច្ចរិត នៅតែមានឱកាសបើកទីតាំងទទួលបញ្ចាំខុសច្បាប់ដដែល ហើយទីតាំងខុសច្បាប់ទាំងនេះ គឺជាជម្រកនៃការទទួលផលចោរកម្ម។

សម្រាប់ការបង្ក្រាបទីតាំងល្បែងផ្សងសំណាងឬឡូតូ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងទើបតែបានថ្លែងសារពិសេសកាលពីថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ស្របជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ត្រួតពិនិត្យ និងបង្ក្រាបឱ្យបានច្បាស់លាស់ ពីព្រោះទិន្នន័យជាក់ស្ដែងបានបង្ហាញថាចំនួនទីតាំងល្បែងតាមអនឡាញមួយនេះ មានច្រើនជាងចំនួនជាក់ស្ដែងដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់។

គួរកត់សម្គាល់ថា ការបង្ក្រាបទីតាំងបញ្ចាំខុសច្បាប់ និងការបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ រួមទាំងល្បែងផ្សងសំណាង សុទ្ធតែជាគោលដៅ នៃការអនុវត្តមរតកគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ការងារនេះ ក៏ស្ថិតក្នុងកញ្ចប់ការងារអាទិភាព៦ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាបង្កើនការយកចិត្តទុកដាក់អនុវត្ត ចាប់ពីដើមនីតិកាលទី៧ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋផងដែរ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ