ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ
February 15, 2024    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយបុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។

ក្នុងពិធីនេះដែរក៏មានអញ្ជើញចូលរួមពីឯកឧត្តម មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតំណាង អង្គភាព ស្ថាប័ន ដែលពាក់ព័ន្ធ និងនាយប៉ុស្តិ៍ និងមន្ត្រីនៃប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិទាំងអស់ក្នុងខេត្តព្រះសីហនុ។

ក្រោយពីបានស្ដាប់នូវរបាយការណ៍ និងមតិសំណេះសំណាលរបស់ឯកឧត្តមអភិបាលរងរួចមក ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍ដោយជាដំបូង សូមចូលរួមអបអរសាទរដល់នាយប៉ុស្តិ៍គរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដែលទើបតែបានតែងតាំងថ្មីនាពេលនេះ និងក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលរងដែលបានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខនិងណែនាំពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យមានការរួបរួមសាមគី្គភាពផ្ទៃក្នុង និងគោរពតាមតួនាទីភារកិច្ចរបស់នគរបាលអន្តោប្រវេសន៍ សូមឲ្យកងកម្លាំងជាពិសេសនគរបាលអន្តោប្រវេសន៍អនុវត្តតាមអនុសាសន៍ឲ្យបានល្អ។ ក្នុងនោះដែរឯកឧត្តម អគ្គនាយក បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ដែលបានប្រចាំការនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិសូមយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិដែលបានធ្វើដំណើរតាមច្រកទ្វារកំពង់ផែ ដោយវិជ្ជាជីវៈ និងមានការកត់ត្រាឲ្យបានច្បាស់លាស់នូវដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរណ៍ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ។

ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានឲ្យនគរបាលអន្តោប្រវេសន៍ក្នុងខេត្តព្រះសីហនុ គ្រប់គ្រងឲ្យបាននូវចំនួនជនបរទេសដែលបានស្នាក់នៅក្នុងខេត្ត និងជនបរទេសអន្តោប្រវេសន្ត ជាពិសេសការលួចឆ្លងដែន ឧក្រិដ្ឋកម្ម ការជួញដូរ ខុសច្បាប់តាមផ្លូវទឹក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានណែនាំឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ចូលរួម ផ្សព្វផ្សាយទប់ស្ដាក់ ការជួញដូរមនុស្សខុសច្បាប់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលអន្តោប្រវេសន៍ទាំងអស់ឲ្យមានសាមគ្គីភាពផ្ទៃ គោរពតាមរចនាសម្ព័ន្ធ តួនាទី ភារកិច្ច គោរពវិន័យរបស់កងកម្លាំងទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា និងប្រតិភូនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍នៅតាមបណ្ដាលប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិរួមមាន ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិឧញ៉ា ម៉ុង ,ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិស្ទឹងហាវ , ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ និងទីស្នាក់ការត្រៀមបណ្ដេញចេញប្រចាំនៅខេត្តព្រះសីហនុ ៕

ដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ