ឯកឧត្តម ទ្រី សុខហេង អញ្ជើញដឹកនាំបន្តកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង
February 14, 2024    អ្នកទស្សនា :

ឯកឧត្តម ទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបច្ចេកទេស បានអញ្ជើញ ដឹកនាំបន្តកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន និងសមាជិកក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំ នារសៀលថ្ងៃអង្គារ ទី១៣ ខែកុម្ភ ឆ្នាំ២០២៤ នេះ ឯកឧត្តម ទ្រី សុខហេង បានបញ្ជាក់ថាក្រោយពីក្រុមការងារបច្ចេកទេសបានធ្វើការសិក្សា និងពិនិត្យពិចារណាយ៉ាងដិតដល់លើឯកសារគតិយុត្តផ្សេងៗរួចមក ក្រុមការងារបានពិនិត្យឃើញថា ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលប្រកាសឱ្យប្រើនៅឆ្នាំ១៩៩៦ ត្រូវរៀបចំកសាងខ្លឹមសារថ្មីទាំងស្រុង ព្រោះ ៖

១-ខ្លឹមសារមាត្រារបស់ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦ ចែងជាលក្ខណៈរួម ទូទៅ មិនបានកំណត់ឱ្យច្បាស់អំពីអំពើល្មើសលេងល្បែងស៊ីសងខុសច្បាប់ និងប្រភេទល្បែងស៊ីសងដែលត្រូវបង្ក្រាប និងម្យ៉ាងទៀត ច្បាប់នេះកើតមុនច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលមានមាត្រាមួយចំនួនមានខ្លឹមសារផ្ទុយនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦ មិនអាចយកមកប្រើប្រាស់ដើម្បីប្រឆាំងនឹងបទល្មើសការលេងល្បែងស៊ីសងខុសច្បាប់ ជាពិសេសការលេងល្បែងតាមប្រព័ន្ធបច្ចេកវិទ្យាឬប្រព័ន្ធឌីជីថល(ល្បែងអនឡាញ) និងបទល្មើសពាក់ពន្ធ័ ដូចជាការលាងលុយកខ្វក់ និងជួញដូរមនុស្សខុសច្បាប់ នៃស្ថានភាពរីកចម្រើនបច្ចេកវិទ្យានាពេលបច្ចុប្បន្ន បានទេ។

២-ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃប្រទេសកម្ពុជា ដែលតម្រូវឱ្យមានច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដើម្បីប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពទៅនឹងបទល្មើសការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសការលេងល្បែងតាមប្រព័ន្ធបច្ចេកវិទ្យាឬប្រព័ន្ធឌីជីថល(ល្បែងអនឡាញ) និងបទល្មើសពាក់ពន្ធ័ ដូចជាការលាងលុយកខ្វក់ និងជួញដូរមនុស្សខុសច្បាប់ផងដែរ ។

៣-ការរៀបចំជាច្បាប់ថ្មីនេះ ក្នុងគោលបំណង ដើម្បីកំណត់ឱ្យបានច្បាស់អំពីវិធានបទល្មើសលេងល្បែងស៊ីសងខុសច្បាប់ និងប្រភេទល្បែងស៊ីសងដែលត្រូវបង្ក្រាប ការទទួលខុសត្រូវចំពោះមុខច្បាប់របស់ប្រតិបត្តិករ អ្នកលេងល្បែងល្មើសច្បាប់ និងធានាធ្វើឱ្យវិធាននៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ មានសង្គតិភាព ភាពរលូន និង មានភាពប្រទាក់ក្រឡា ជាមួយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ព្រមទាំងអាចបំពេញបន្ថែមនូវភាពខ្វះចន្លោះនៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ។

សូមបញ្ជាក់ផងដែរថាកិច្ចប្រជុំនេះជាកិច្ចប្រជុំលើកទី ២៦ របស់ក្រុមការងារបច្ចេកទេស ហើយរហូតមកដល់ពេលនេះក្រុមការងារបច្ចេកទេសសម្រេចបានការងាររៀបចំលើឯកសារទស្សនាទាន និងគោលគំនិតសំខាន់ៗសម្រាប់កសាងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងនេះចប់ទាំងស្រុងហើយ ៕

ដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ