ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសបណ្ដេញពីក្របខ័ណ្ឌ ប្រសិនមន្រ្តីក្រសួងមហាផ្ទៃរូបណាបានបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបន្តបើករត់ដោយមិនចូលសារភាព
December 25, 2023    អ្នកទស្សនា :

ខេត្តព្រះសីហនុ ៖ ពីវេទិកាអធិបតី នៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៨ ប្រារព្ធនៅក្រុងព្រះសីហនុ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសអនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង លើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃរូបណា ទាំងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើបន្តបើកយានយន្តរត់គេចខ្លួនដោយមិនព្រមចូលសារភាពកំហុស។

ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានមានប្រសាសន៍ថា “ចំពោះអ្នកដែលបុករត់ បុកជារឿងមួយ ប៉ុន្តែបើបុកហើយរត់ ខ្ញុំសូមប្ដេជ្ញាចិត្ត ឬមួយប្រកាសពីទីនេះទៅតែម្ដង បើខ្លួនជាសមត្ថកិច្ច ឬជាមន្រ្តីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ ហើយអត់មកសារភាពទេ ក្របខ័ណ្ឌខ្ញុំគិតថា មិនគួរទុកទេ។ យើងជាកម្លាំងប្រដាប់អាវុធ យើងត្រូវធ្វើជាគម្រូឱ្យប្រជាពលរដ្ឋមើល និងរៀនសូត្រតាម។ បើកាយវិការយើងមិនគួរឱ្យគេគោរព មិនគួរឱ្យគេធ្វើតាមផង ខ្ញុំគិតថា អាហ្នឹងមិនអាចទៅរួចទេ!”។

ការព្រមានបណ្ដេញពីក្របខ័ណ្ឌលើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃដែលគ្មានទំនួលខុសត្រូវលើករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត សង្កត់ធ្ងន់ បន្ទាប់ពីបានទាញចំណាប់អារម្មណ៍អង្គពិធីអំពីករណីគ្រោះថ្នាក់ចរាចរណ៍នាមួយរយៈចុងក្រោយ ដែលជនបង្កបានព្យាយាមបើករត់ ហើយបន្តគេចខ្លួន។ ឯកឧត្តមបន្ថែមថា “ទទួលស្គាល់ថា បើគាត់នៅ សុវត្ថិភាពគាត់អាចមានហានិភ័យខ្ពស់ ប៉ុន្តែកម្ពុជាយើង ខ្ញុំគិតថា គួរតែចាប់ផ្ដើមកាយវិការទទួលខុសត្រូវចំពោះផ្លូវច្បាប់”។

ភ្ជាប់នឹងការរម្លឹកករណីជាក់ស្ដែងចុងក្រោយមួយ ដែលមន្រ្តីនគរបាលជាតិម្នាក់បើករថយន្តបុកអត្តពលិកជាតិបណ្ដាលឱ្យស្លាប់ ហើយបើករត់ទៅសំងំលាក់ខ្លួននៅក្បែរព្រំដែនកម្ពុជា វៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កត់ធ្ងន់ថា “ឱ្យតែគេចង់រក គឺមិនពិបាកទេ! ដូច្នេះហើយយើងបានដាក់ពេលវេលាឱ្យក្រុមគ្រួសារថា បើមិនចង់ឱ្យខូចអនាគតកូនខ្លួនឯងទេ ត្រូវតែនាំមកសារភាពទោសកំហុស...”។

ភ្ជាប់នឹងករណីបុករត់នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានផ្ញើសារទៅកាន់មន្រ្តីមានសមត្ថកិច្ច យកចិត្តទុកដាក់ក្ដាប់ព័ត៌មាននេះឱ្យជាប់ ហើយចុះទៅអនុវត្តវិធានការច្បាប់ឱ្យបានរហ័ស និងប្រកបដោយប្រសិទ្ធភាព ពីព្រោះករណីខ្លះ ឯកឧត្តម បានកត់សម្គាល់ថា មន្រ្តីគ្រាន់តែចុះបំពេញកាតព្វកិច្ច ប៉ុន្តែមិនបានឃាត់ជនដែលប្រព្រឹត្តបទល្មើសឡើយ។ ឯកឧត្តម បានបន្ថែមថា “សម្ដេចមហាបវរធិបតី បានលើកឡើងហើយ ឱ្យតែបុកស្លាប់ ឬមួយមានជាតិស្រវឹង គឺត្រូវតែវាយខ្នោះ”។

ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានបណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណ១ពាន់នាក់ និងរបួសជាង ២,៧០០នាក់ ថយចុះ ៩% ធៀបនឹងឆ្នាំ២០២២។ ដោយឡែកសម្រាប់ខេត្តព្រះសីហនុដែលប្រារព្ធទិវារំលឹកដល់ជនរងគ្រោះនៅថ្ងៃនេះវិញ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៥០លើក ថយចុះ៣៥លើក ធៀបនឹងឆ្នាំ២០២២ បណ្ដាលឱ្យស្លាប់ចំនួន១០៩នាក់ និងរបួស១៦៨នាក់។ នេះបើតាមរបាយការណ៍របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីនុ៕

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ