អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៤
December 19, 2023    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ, ឯកឧត្តម ឧត្តមអគ្គានុរក្សាថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, អគ្គនាយករង, ប្រធាន អនុប្រធាន មណ្ឌលកែប្រែ និងពន្ធនាគាររាជធានី ខេត្ត, ប្រធានមណ្ឌលយុវនិតិសម្បទា, ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញក្រោមចំណុះអគ្គនាយកដ្ឋានជាច្រើនរូបផងដែរ។

ឯកឧត្តម ឧត្តមអគ្គានុរក្សាថ្នាក់លេខ១ ឈន សាណាត អគ្គនាយក បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំគ្រប់ឋានានុក្រម និងមន្ត្រីពន្ធនាគារទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាង សកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកធ្វើឲ្យអគ្គនាយកដ្ឋានពន្ឋនាគារសម្រេចបាននូវសមិទ្ធផលថ្មីៗ ដោយមានកិច្ចសហការពីក្រសួង ស្ថាប័ន អង្គភាព ពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងដៃគូនានា ដែលបានរួមចំណែកដោះស្រាយនូវរាល់បញ្ហា ទាក់ទងនឹងកិច្ចការពន្ធនាគារនាពេលកន្លងមកដោយការស្ថាបនា និងចក្ខុវិស័យរួមគា្នដើម្បីសុវត្ថិភាព សង្គម និងកាត់បន្ថយបទល្មើសក្នុងសហគមន៍ប្រកបដោយបរិយាប័ន្ន។

ឯកឧត្តម បានបញ្ជាក់ថា ដើម្បីរួមចំណែកឲ្យបេសកកម្មធំៗរបស់ក្រសួងមហាផ្ទៃនៅក្នុងនីតិកាលទី៧នេះ សម្រេចបាន ជោគជ័យថ្មីៗបន្ថែមទៀតសម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន អគ្គនាយកដ្ឋានពន្ធនាគារ គោរពអនុវត្តដោយម៉ឺងម៉ាត់បំផុតតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីធានាឲ្យការអនុវត្តភារកិច្ចរបស់ខ្លួន ព្រមទាំងអង្គភាពក្រោមឱវាទ មានការប្រែប្រួលជាវិជ្ជមានស្របទៅនឹងការងារក្នុងបរិបទថ្មី ដើម្បីឆ្លើយតបបានទាំងប្រសិទ្ធភាព គុណភាព គុណវុឌ្ឍ និងល្បឿនការងារ ជាមួយ នឹងការបន្ស៊ីគា្នរវាងសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីនឹងប្រព័ន្ធការងារបច្ចេកវិទ្យាឌីជីថល ដោយប្រើប្រាស់គ្រប់យន្តការអនុវត្ត និងឲ្យអស់លទ្ធភាពនូវគ្រប់ធនធានមធ្យោបាយដែលមាន។

ឯកឧត្តម អគ្គនាយក បានបន្ថែមថា ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលធំៗជាច្រើននេះ ការងារពន្ធនាគារក៏នៅមានការប្រឈម និងបញ្ហាផ្សេងៗចំពោះមុខជាដើមចម រួមទាំងការងារដែលនៅសេសសល់ ត្រូវពុះពារជំនៈនិងបន្តរួមគ្នា ដោះស្រាយ។ ដូចនេះ ឯកឧត្តម លើកទឹកចិត្តឲ្យ មានការចូលរួមមតិយោបល់ ចែករំលែកបទពិសោធន៍ ការដោះស្រាយបញ្ហាប្រឈមនានា សំដៅប្រមូល ធាតុចូលសំខាន់ៗ ជាមូលដ្ឋានគន្លឹះដាក់ចេញនូវដំណោះស្រាយ ឬវិធានការបន្ថែម និងជាទស្សនវិស័យ កំណត់ទិសដៅការងារឲ្យបានសមស្រប និងចាត់តាំងអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ក្នុងឱកាសបើកសន្និបាតនេះ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ បានសម្តែងនូវការ កោតសរសើរ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី ពន្ធនាគារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយក អស់កម្លាំងកាយ ចិត្ត អនុវត្តការងារក្នុងឆ្នាំ២០២៣កន្លងទៅ សម្រេចបានលទ្ធផលជាផ្លែផ្កា ស្របតាមកម្មវិធីគោល នយោបាយរបស់រាជរដ្ឋាភិបាល ទិសដៅការងាររបស់ ក្រសួងមហាផ្ទៃ ជាពិសេសក្របខណ្ឌកំណែទម្រង់ពន្ធនាគារ និងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៩-២០២៣) របស់អគ្គនាយកដ្ឋានពន្ធនាគារ ធានាបាននូវការគ្រប់គ្រង ពន្ធនាគារប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សុខភាព និងមនុស្សធម៌ ព្រមទាំងបានជំរុញការងារអប់រំកែ ប្រែ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្មជនជាប់ឃុំចូលក្នុងសហគមន៍វិញ។

ឯកឧត្តម បានលើកឡើងនូវសមិទ្ធផលលេចធ្លោរបស់អគ្គនាយកដ្ឋានមួយចំនួន រួមមាន៖

-ទី១ ការធ្វើទំនើបកម្ម នវានុវត្តន៍កិច្ចការរដ្ឋបាល ដោយបានបង្កើតនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីពន្ធនាគារ និងជនជាប់ឃុំ តាមបែបអេឡិចត្រូនិច ជំរុញឱ្យការងារគ្រប់គ្រងទិន្នន័យមានភាពសុក្រឹត្យ ងាយស្រួល និងប្រសិទ្ធផលការងារ ដែលការងារទទួលបានការកោត សរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ ក៏ដូចជាក្រសួងយុត្តិធម៌ផងដែរ

-ទី២ ការលើកសំណើកែសម្រួលឯកសារបទដ្ឋា គតិយុត្តពាក់ព័ន្ធនានា ឆ្លើយតបនឹងសំណូមពរការងារ ក៏ ដូចជានិន្នាការតំបន់ សកលលោកពាក់ព័ន្ធប្រព័ន្ធយុត្តិធម៌ ព្រហ្មទណ្ឌ និងការងារគ្រប់គ្រងពន្ធនាគារ

-ទី៣ ការបង្ហាញនូវស្មារតីម្ចាស់ការកសាង ជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានានៅតាមមណ្ឌលអប់រំ កែប្រែ និងពន្ធនាគាររាជធានី ខេត្ត សំដៅដល់ការពង្រឹង សន្តិសុខ សុវត្ថិភាព និងលើកកម្ពស់ការងារអប់រំកែប្រែ សុខុមាលភាពមន្ត្រី និងជនជាប់ឃុំ

-ទី៤ ការបង្ការ ទប់ស្កាត់ហានិភ័យសន្តិសុខ សណ្តាប់ ធ្នាប់ពន្ធនាគារ កាត់បន្ថយផលប៉ះពាល់នៅកម្រិតអប្បបរមា គ្រោះមហន្តរាយធម្មជាតិ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងដទៃទៀត។

ឯកឧត្តម រដ្ឋលេខាធិការ បានសំណូមពរដល់ អង្គសន្និបាតទាំងមូល ត្រូវយកពេលវេលាដ៏មានតម្លៃនេះ សរួមគ្នាយកអស់នូវកម្លាំងកាយ ប្រាជ្ញា ស្មារតីអនុវត្តតាមរបៀបវារៈ និងកម្មវិធីសន្និបាត ដោយធ្វើការពិភាក្សាឱ្យបានស៊ីជម្រៅរកឃើញ នូវបញ្ហាប្រឈម បទពិសោធន៍ ការអនុវត្តល្អៗកន្លងមកនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីធ្វើការសំយោគ ចែករំលែក បានជាប្រយោជន៍ បន្តសម្រេចបាននូវលទ្ធផលជាផ្លែផ្កា បន្ថែមទៀត និងពិនិត្យ រៀបចំនូវសំណូមពរចាំបាច់ និង បន្ទាន់ចំពោះមុខ ដើម្បីគោរពជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ ដោះស្រាយសម្រួលដល់ការងារគ្រប់គ្រងពន្ធនាគារ ប្រកបដោយភាពវិជ្ជមាន និងស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ