លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គម
December 08, 2023    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គម ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប។ កិច្ចប្រជុំនេះបានសហការរៀបចំជាមួយអង្គការ Internews និងមានការចូលរួមពីប្រធាន អនុប្រធានអង្គភាព ប្រធាននាយកដ្ឋាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងធនាគារពិភពលោក តំណាងអង្គការទស្សនពិភពលោក តំណាងទីភ្នាក់ងារសហរដ្ឋអាមរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) តំណាងអង្គការពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ចាន់ សុធា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណនូវវត្តមានរបស់តំណាងដៃគូរអភិវឌ្ឍ និងអង្គការជាដៃគូរដែលបានសហការក្នុងការអនុវត្តគម្រោង។ ឯកឧត្តម បានលើកឡើងថា កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ច និងជាកំណែទម្រង់ស្នូលមួយ ដែលមានគោលបំណងលើកកម្ពស់ការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព និងអាចឆ្លើយតបបានតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបញ្ជាក់ថា ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ គឺធ្វើឡើងតាមរយៈការលើកកម្ពស់ប្រជាធិបតេយ្យនៅមូលដ្ឋាន ការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅរួមគ្នាដោះស្រាយសំណូមពរ លើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។

បន្ថែមពីនេះ ឯកឧត្តម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកកំណែទម្រង់នេះជាកំណែទម្រង់ដ៏មានសារៈសំខាន់ និងចាំបាច់ដែលត្រូវប្រកាន់យក និងអនុវត្តរយៈពេលវែង។ កំណែទម្រង់គឺជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលរាជរដ្ឋាភិបាលបានចាត់ទុកជាកំណែទម្រង់មានសារៈសំខាន់ និងចាំបាច់ ដែលរាជរដ្ឋាភិបាលត្រូវប្រកាន់យក និងអនុវត្តរយៈពេលវែង ដោយបានចាប់ផ្ដើមពីការបោះឆ្នោតជ្រើរសើក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេស និងការដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការនៅថ្នាក់ឃុំ សង្កាត់នាឆ្នាំ២០០២។

ឯកឧត្តមបានបន្តថា ដោយផ្អែកតាមបទពិសោធន៍ និងភាពជោគជ័យនៃការអនុវត្តកំណែទម្រង់ថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពនៃកំណែទម្រង់នេះទៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបោះឆ្នោតអសកលជ្រើរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស និងការដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបវិមជ្ឈការ និងវិសហមជ្ឈការនាឆ្នាំ២០០៩។ កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក៏មានវិសាលភាពកាន់តែទូលំទូលាយពាក់ព័ន្ធគ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងមានលក្ខណៈសាំញ៉ាំ ស្មុគស្មាញ ដែលទាមទារឱ្យរាជរដ្ឋាភិបាលត្រូវរៀបចំ និងដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ គឺ ចាប់ពីឆ្នាំ២០១០-២០២០ ដើម្បីផ្ដល់ជាផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តច្បាប់រៀបចំអង្គការពាក់ព័ន្ធ នឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ កម្មវិធីជាតិនេះ ត្រូវបានបញ្ចប់នៅចុងឆ្នាំ២០២០ ហើយរដ្ឋាភិបាលបានដាក់ចេញនូវដំណាក់កាលទី២បន្តទៀត ដែលជាផែនទីបង្ហាញផ្លូវដែលពាក់ព័ន្ធនឹងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណនេយ្យភាពសង្គម។

ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់បន្ថែមថា រយៈពេលជាង២០ឆ្នាំមកនេះ ការអនុវត្តកំណែទម្រង់សម្រេចបាននូវសមិទ្ធផលចម្បងៗ រួមមាន៖ ១. ការរៀបចំក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត, ២. ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ៣. ​ការផ្ទេរមុខងារ និងការទទួលខុសត្រូវទៅឱ្យថ្នាក់ក្រោមជាតិ​​, ៤. ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ៥. យន្តការដឹកនាំ និងការសម្របសម្រួល​អនុវត្តនូវការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកបច្ចេកទេស។

គួរជម្រាបថា ការដាក់ចេញនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការបានបង្ហាញនូវឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាការបោះជំហានទៅមុខយ៉ាងសំខាន់មួយក្នុងកិច្ចដំណើរការកំណែទម្រង់អភិបាលកិច្ចថ្នាក់មូលដ្ឋាននៅប្រទេសកម្ពុជា សំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ ជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋានដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយភាពស័ក្តិសិទ្ធិ។ បន្ថែមពីនេះ ការងារគណនេយ្យភាពសង្គម គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ការលើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នារវាងអាជ្ញាធរមូលដ្ឋាន និងក្រុមប្រជាពលរដ្ឋនានានៅក្នុងកិច្ចដំណើរការអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ