ឯកឧត្តម ស សុខា បង្ហាញក្ដីរីករាយចំពោះភាពរីកចម្រើនរបស់សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ជាពិសេសគុណភាព នៃការបណ្ដុះបណ្ដាល
December 07, 2023    អ្នកទស្សនា :

ពីវេទិកាអធិបតី នៃពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ ដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។

ឯកឧត្តម បានបង្ហាញក្ដីរីករាយចំពោះវឌ្ឍនភាពយ៉ាងលឿនរហ័ស និងប្រកបដោយគុណភាព ដែលសាកលវិទ្យាល័យជាតិមួយនេះសម្រេចបាន ជាក់ស្ដែងនៅថ្ងៃនេះ សាកលវិទ្យាល័យមាននិស្សិតទទួលបានជោគជ័យលើការសិក្សាចំនួន ១.៦៩៣នាក់បន្ថែមទៀត ចាប់ពីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ឯកឧត្តម បានចាត់ទុកភាពជោគជ័យនេះថាជាអ្វីដែលរាជរដ្ឋាភិបាលប្រាថ្នាចង់ឃើញ ទាំងរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅកាន់និស្សិតជ័យលាភីទាំងអស់ថា “ចាប់ពីពេលនេះតទៅ ប្អូនៗនឹងក្លាយជាអ្នកជំនាញ ដែលនឹងត្រូវចូលរួមបំពេញការងារជាក់ស្តែង ក្នុងសង្គម តាមគ្រប់រូបភាព។ រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនឹងយកចំណេះដឹងទទួលបាននៅទីនេះ ទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការជាក់ស្តែងតាមវិស័យនីមួយៗ ដូចជាការងារក្នុងស្ថាប័នរដ្ឋ, ការងារក្នុងវិស័យឯកជន អង្គការជាតិ និងអន្តរជាតិនានា ឬក៏ការបើកប្រកបអាជីវកម្មដោយខ្លួនឯង”។

សូមបញ្ជាក់ ថារាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តនយោបាយកាត់បន្ថយគម្លាតនៃការអប់រំ និងចំណេះដឹងរវាងជនបទ និងទីក្រុង។ ក្នុងន័យនេះ បន្ថែមលើសាកលវិទ្យាល័យ សម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តួចផ្តើមគំនិតបង្កើតមជ្ឈមណ្ឌលជាតិអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ដើម្បីផ្តល់ឱកាស និងសេវាកម្មអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព បំពេញតម្រូវការធនធានមនុស្សនៅមូលដ្ឋាន និងប្រទេសជាតិ។ មជ្ឈមណ្ឌលនេះ នឹងទទួលសិស្សានុសិស្ស ចូលរៀនថ្នាក់ចំណេះទូទៅ ចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ ហើយបន្តនៅសាកលវិទ្យាល័យតែម្ដង៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ